ធនាគារជាតិនៃកម្ពុជា បង្ហាញអំពីកិច្ចការពារផលប្រយោជន៍អតិថិជនរបស់ធនាគារឯកជននៅកម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានអោយដឹងថាកាលពីឆ្នាំ២០២៥កន្លងនេះ ធនាគារជាតិនៃកម្ពុជា បានទទួលបណ្តឹងនិង ការសាកសួរព័ត៌មានសរុបចំនួន ៧២១ ករណី ក្នុងនោះបណ្ដឹង ចំនួន ៦៨៣ ករណី ត្រូវបានដោះស្រាយរួចរាល់ បណ្ដឹងចំនួន១២ ករណីទៀត កំពុងត្រូវបានដោះស្រាយ និងបណ្តឹងចំនួន ២៦ ករណីផ្សេងទៀត ស្ថិតក្នុងនីតិវិធីតុលាការ។ បណ្ដឹងនិងការសាកសួរព័ត៌មានទាំងនេះ ពាក់ព័ន្ធនឹងទី១ ការពិន័យលើការបង់ផ្តាច់ ឥណទានមុនកាលកំណត់ ។ ទី២ ការស្នើសុំរៀបចំឥណទានឡើងវិញ ។ ទី៣ កម្ចីខុសច្បាប់ ។ទី៤ ការឆបោកផ្នែកហិរញ្ញវត្ថុ ។ ទី៥ ការស្នើសុំអនុគ្រោះលក្ខខណ្ឌទូទាត់ ។ ទី៦ ការស្នើសុំដំណើរការគណនីដែលបានបង្កក ។ ទី៧ ការដកប្រាក់បញ្ញើពីគ្រឹះស្ថានដែលត្រូវបាន ដកហូតអាជ្ញាប័ណ្ណ ។ ទី៨ ការស្នើសុំកែតម្រូវព័ត៌មានក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និង ទី៩ ការយឺតយ៉ាវក្នុងការដកទ្រព្យធានា។

ជាក់ស្តែងបន្ទាប់ពីធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាម ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៨មករាឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងមួយ ជូនទៅដល់សាធារណជនឱ្យបានជ្រាបថា ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit- accounting Co., Ltd) ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។
ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា កាលពីឆ្នាំ២០២៥កន្លងនេះធនាគារជាតិនៃកម្ពុជាបានជួបប្រជុំជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់គ្រឹះស្ថាន ជាបន្តបន្ទាប់ ដើម្បីពិភាក្សាអំពីស្ថានភាពនៃអាជីវកម្ម គុណភាពឥណទាន ការដោះស្រាយឥណទាន មិនដំណើរការ យុទ្ធសាស្ត្រអាជីវកម្ម និងស្ថានភាពឥណទានចំពោះវិស័យអចលនទ្រព្យជាដើម។លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា បានចុះត្រួតពិនិត្យដល់ទីកន្លែងចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើចំនួន ៨ ដោយបានវាយតម្លៃផ្តោតទៅលើគុណភាពឥណទាន រួមទាំង ការធ្វើចំណាត់ ថ្នាក់ឥណទាន ការធ្វើសំវិធានធនលើអ៊ុមកែរមិន និងការរៀបចំឥណទានឡើងវិញ លើការងារអភិបាលកិច្ច ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ ការត្រួតពិនិត្យលើការអនុវត្តតាមអនុសាសន៍ ដែលបានដាក់ចេញ និង ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕
ប្រភព៖ ក្រសួង័ត៌មាន

