នាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខម្នាក់ ត្រូវបានកោះហៅសួរនាំពាក់ព័ន្ធករណីលុយចំនួន ១៦០,០០០ដុល្លារ
(រាជធានីភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ បានអញ្ជើញនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខម្នាក់ទៅសួរនាំ ពាក់ព័ន្ធករណីយកលុយចំនួន ១៦០,០០០ដុល្លារ នេះយោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

បើតាមការបង្ហោះនៅលើផេកផ្លូវការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ «ថ្មីៗនេះក្រោយពីឃើញមានការផ្សព្វផ្សាយ ព័ត៌មាននៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា: ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី មន្រ្តីចរាចរនៃអធិការនគរបាលខណ្ឌសែនសុខ ដោយរងការចោទប្រកាន់ថាបានទទួលយកលុយចំនួន ១៦០,០០០ ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច) ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច។ បន្ទាប់មកម្ចាស់ទាមទារយកលុយទាំងនោះមកវិញតែមន្រ្តីនគរបាលចរាចរខាងលើមិនព្រមប្រគល់លុយទាំងនោះមកម្ចាស់ដើមវិញនោះឡើយ »។
ទន្ទឹមនឹងនេះ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ ចំពោះលោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ គឺត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីយកលុយចំនួន ១៦០,០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

