Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មជ្ឈមណ្ឌលអាស៊ាន-ចិន ប្តេជ្ញាបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា ចិន ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត

    BY Liny Chan January 30, 2026
    មជ្ឈមណ្ឌលអាស៊ាន-ចិន ប្តេជ្ញាបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា ចិន ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ជួបពិភាក្សាការងារទ្វេភាគី។

    ជាកិច្ចចាប់ផ្តើម, ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ក៏ដូចជាលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដែលបានជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដូចជាការបណ្តុះបណ្តាល, ការរៀបចំ FAM TRIP និងការជំរុញនាំភ្ញៀវចិនមកកម្ពុជាតាមរយៈក្រុមហ៊ុនទេសចរណ៍របស់ចិន។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីចិន អំពីគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងអំឡុងរយៈពេលសាកល្បង៤ ខែ (ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ព្រមទាំងបានស្នើសុំមជ្ឈមណ្ឌលចិនអាស៊ាន បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីអនុវត្តគម្រោងសាកល្បងនេះ និងឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦ ឱ្យបានជោគជ័យ។

    ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន បន្តបេ្តជ្ញាជួយលើកកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា មានជាអាទិ៍ ការជួយកៀរគរវិនិយោគិននិងទេសចរចិនបន្ថែមទៀតមកកម្ពុជា, ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទេសក៍ទេសចរណ៍ និងការបណ្តុះបណ្តាលផ្សេងៗទៀតតាមតម្រូវការរបស់កម្ពុជា, ការគាំទ្រដល់ការអនុវត្តសកម្មភាពនានាដែលស្ថិតនៅក្នុងក្របខណ្ឌនៃឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦, ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពទេសចរនៅតាមបណ្តាញសង្គម។ ក្នុងន័យនេះ មជ្ឈមណ្ឌលអាស៊ាន-ចិន ក៏បានអញ្ជើញភាគីកម្ពុជា ចូលរួមក្នុងវេទិកាស្តីពីការលើកកម្ពស់សុវត្ថិភាពនិងសន្តិសុខទេសចរណ៍ ដែលនឹងរៀបចំឡើងនៅប្រទេសចិនក្នុងឆ្នាំ២០២៦នេះ។ កម្ពុជា រីករាយស្វាគមន៍ចំពោះការអញ្ជើញនេះ និងមានជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាតំបន់នេះ, កម្ពុជា នឹងលើកកម្ពស់ការផ្សព្វផ្សាយបន្ថែមទៀតឱ្យបានទូលំទូលាយទៅកាន់ទីផ្សារចិន និងទីផ្សារតំបន់ ក៏ដូចជាពិភពលោក ថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពនិងមានសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមខ្លួនរួចរាល់ដើម្បីទទួលស្វាគមន៍ទេសចរពីគ្រប់ទិសទីមកកម្ពុជា។

    Share This Post: