Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសាធារណរដ្ឋកូរ៉េ ដែលគ្រោយនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦

    BY Liny Chan January 30, 2026
    កម្ពុជា ត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសាធារណរដ្ឋកូរ៉េ ដែលគ្រោយនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។

    ជំនួបនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។ 

    ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមាន៖ ការត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ (Investment Roadshow in Korea) ដែលគ្រោយនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថានឹងមានការចូលរួមយ៉ាងសកម្មពីសំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមពីកូរ៉េមកកាន់កម្ពុជា។ បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើងពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី “អាហារពេលព្រឹកការងារ” (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយបណ្តាសភាពាណិជ្ជកម្មទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ “កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា-កូរ៉េ” ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះតាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។

    ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួលរាល់ការវិនិយោគពីបរទេសផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្តគម្រោង។ កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។

    លោក Sungsoo Kim ក្នុងនាមជាប្រធានប្រតិភូ បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកបានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

    ជំនួបនេះមិនត្រឹមតែជាការរឹតចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានថ្មីមួយក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគលំដាប់ជួរមុខសម្រាប់ក្រុមហ៊ុនកូរ៉េ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

    Share This Post: