ធនាគារជាតិនៃកម្ពុជាបង្ហាញអំពីមូលហេតុនៃកម្រិតអតិផរណាខ្ពស់កាលពីឆ្នាំ២០២៥
ធនាគារជាតិនៃកម្ពុជានៅដើមឆ្នាំ២០២៦នេះបានលើកឡើងថា អត្រាអតិផរណារួមកាលពីឆ្នាំ២០២៥ បានកើនឡើងដល់ ២,៥ភាគរយ ខណៈកាលពីឆ្នាំ២០២៤ មានអត្រាត្រឹម ០,៨ភាគរយ អស់រយៈពេលជាង ១ ទសវត្សរ៍មកហើយ។

ធនាគារជាតិនៃកម្ពុជាបង្ហាញអំពីមូលហេតុនៃស្ថានភាពអតិផរណាខ្ពស់កាលពីឆ្នាំ២០២៥នេះថាមកពី ជាចម្បងបណ្តាលមកពីមូលដ្ឋានគណនាទាប និងការកើនឡើង នៃថ្លៃក្រុមម្ហូបអាហារ កាលពីដើមឆ្នាំ២០២៥ ។
ទន្ទឹមនេះជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីពាក់កណ្តាលឆ្នាំមក ដែលនាំឱ្យ មានការបិទព្រំដែនបានរាំងស្ទះដល់ ការនាំចូលទំនិញពីប្រទេស ថៃតាមផ្លូវគោក និងការហាមឃាត់ការនាំចូលទំនិញមួយចំនួនពីថៃ បាននាំឱ្យថ្លៃទំនិញមួយចំនួនតូច កើនបន្តិចនិងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ជាពិសេសនៅក្នុងតំបន់ ព្រំដែនខ្មែរ-ថៃ។ ទំនិញទាំងនោះ ត្រូវបានជំនួសយ៉ាងឆាប់រហ័សដោយទំនិញក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេង។
អតិផរណាក្រុមម្ហូបអាហារជាមធ្យមបាន កើនឡើង ៣,៧ភាគរយ ជាចម្បងបណ្តាលមកពីការកើនឡើងថ្លៃបន្លែ ៥,៦ភាគរយ ផ្លែឈើ ៥,២ភាគរយ ត្រីស្រស់ ៣,៦ភាគរយ សាច់គោ ៣,៥ភាគរយ និងសាច់ជ្រូក ២,៧ភាគរយ។ ការឡើងថ្លៃបន្លែនិងផ្លែឈើ ជាពិសេសនៅដើមឆ្នាំ២០២៥ បណ្តាលមកពី មូលដ្ឋានគណនាទាប និងតម្រូវការខ្ពស់ក្នុង អំឡុងពេលចូលឆ្នាំប្រពៃណីចិន។ ទន្ទឹមនេះ ការបង្ក្រាបបទល្មើសជលផល ទ្រង់ទ្រាយធំ ការថយចុះការចិញ្ចឹមគោ ខណៈមានកំណើនតម្រូវការក្នុង រដូវបុណ្យទានបានធ្វើឱ្យថ្លៃត្រី សាច់គោ និងសាច់ជ្រូកកើនឡើងផងដែរ។ ផ្ទុយទៅវិញថ្លៃក្រុមទំនិញនិងសេវាដែលពាក់ព័ន្ធ នឹងប្រេងឥន្ធនៈបានថយចុះ ១,៧ភាគរយ។
យ៉ាងណាក៏ដោយធនាគារជាតិនៃកម្ពុជាបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើន ខណៈអតិផរណាបន្តមានកម្រិតទាបអាចគ្រប់គ្រងបាន ស្របពេលដែល ប្រាក់រៀលមានស្ថិរភាពល្អប្រសើរជាមួយនឹងនិន្នាការឡើងថ្លៃបន្តិច។ ម្យ៉ាងទៀត ទុនបម្រុងអន្តរជាតិ ត្រូវបានបន្តគរពូនជាលំដាប់ ដែលបានពង្រឹងភាពធន់និងជំនឿទុកចិត្តរបស់វិនិយោគិនមកលើ សេដ្ឋកិច្ចកម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន