Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធីចាប់ត្រីតាមបែបបុរាណ នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំឆ្នាំ២០២៦នេះ និងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកុម្ភៈ

    BY Liny Chan February 3, 2026
    ពិធីចាប់ត្រីតាមបែបបុរាណ នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំឆ្នាំ២០២៦នេះ និងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកុម្ភៈ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់រមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេច ចិត្ដយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីរៀបចំពិធីចាប់ត្រីតាមបែបបុរាណ ដែលតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅបឹងត្រពាំងក្រមនេះ ដើម្បីរក្សាទំនាមទម្លាប ប្រពៃណីបុរាណខ្មែរ ទុកសម្រាប់កូនចៅជំនាន់ក្រោយរៀបសូត្រតាម នេះបើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរខេត្ដត្បូឃ្មុំ កាលពីថ្ងៃទី០២ ខែកុម្ភៈ ២០២៦នេះ។

    ឯកឧត្ដម ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរស្រុក និងកងកម្លាំង ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការរៀបចំចំណត យានយន្ត និងបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដែលនឹងមកលេងកម្សាន្តឱ្យបានល្អបំផុត។ ព្រោះនេះជាការលើកស្ទួយវប្បធម៌ និងរក្សានូវប្រពៃណីទំនៀមទម្លាប់បន្សល់ទុកពីបុរាណរបស់ដូនតានៃប្រជាជនភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ពិសេស ក៏ជាការរួមចំណែកបង្កើនស្មារតីទេសចរណ៍ក្នុង ខេត្តត្បូងឃ្មុំឱ្យកាន់តែមានភាពរីកចម្រើនផងដែរ។

    ការរក្សាបាននូវប្រពៃណីចាប់ត្រីតាមបែបបុរាណដោយប្រើប្រាស់ឧបករណ៍នេសាទដូចជា អង្រុត ឈ្នាង ត្រក ក្អុះ ជាដើម ដោយមិនអនុញ្ញាតឳ្យប្រើឧបករណ៍ទំនើបឬល្មើសច្បាប់ឡើយដែលនេះ គឺជា ការបង្ហាញពីតម្លៃវប្បធម៌ និងការចេះរស់នៅចុះសម្រុង ជាមួយធម្មជាតិរបស់ប្រជា ជន ខ្មែរគ្រប់ជំនាន់។ ជាក់ស្តែងពិធីនេះត្រូវបានសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយពីមួយឆ្នាំទៅមួយឆ្នាំមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើនឡើងៗរួមទាំងជនបរទេសផង ។

    សូមបញ្ជាក់ថា បឹងត្រពាំងក្រមមានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតានិងមានបឹងតូចៗ ២០បឹងជាសាខាព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយជារៀង រាល់ ដើមឆ្នាំក្នុងអំឡុង ខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះតែងតែប្រារព្ធពិធីចាប់ត្រីយកមកចម្អិនហូបជុំគ្នា ដែលជា ទំនៀម ទម្លាប់តាំងពីដើមរហូតមកដល់សព្វថ្ងៃ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរអន្តរជាតិ អញ្ជើញចូលរួមឱ្យបានច្រើនកុះករនៅថ្ងៃទី១៤កុម្ភៈខាងមុខនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន
    AKP ដោយ៖ សួស សំរិត

    Share This Post: