Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម វ៉ី សំណាង៖ វិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ ក្នុងខេត្តតាកែវ រួមចំណែកក្នុងសេដ្ឋកិច្ចក្នុងខេត្ត ចំនួន ៣១% តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត ជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

    BY Liny Chan February 5, 2026
    ឯកឧត្តម វ៉ី សំណាង៖ វិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ ក្នុងខេត្តតាកែវ រួមចំណែកក្នុងសេដ្ឋកិច្ចក្នុងខេត្ត ចំនួន ៣១% តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត ជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមការងារចុះបញ្ជីវិនិយោគដែលមានទុនសមមូលក្រោម ៥លានដុល្លាអាមេរិក ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

    ឯកឧត្ដម​ អភិបាលបានលើកឡើងថា ខេត្តតាកែវស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានក្រុង១និងស្រុក៩ មានសង្កាត់៣និងឃុំ៩៧ និងមានភូមិចំនួន ១.១២១ ភូមិ និងមានផ្ទៃដីសរុបចំនួន ៣.៦៨០,១១ គ.ម២ ខេត្តមានព្រំប្រទល់ខាងជើងនិងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺនិងខេត្តកំពត ខាងត្បូងនិងខាងកើតជាប់នឹងប្រទេសវៀតណាម ព្រមទាំងទំហំសេដ្ឋកិច្ចខេត្តសម្រាប់ឆ្នាំគោល២០២៤ ចំនួន ១០ទ្រីលាន ១៧៦ប៊ីលានរៀល គិតជាដុល្លារ ២ប៊ីលាន ៥៤៤លានដុល្លារ សម្រាប់ចំណូលមនុស្សម្នាក់ៗស្មើនឹង ៩.០៥៦.០០០ រៀល ឬស្មើ ២.២៦៤ ដុល្លារ។

    ក្នុងបទអន្តរាគមន៍នេះផងដែរ​ ឯកឧត្ដម​ អភិបាល​ខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តាកែវបាននឹងកំពុងអនុវត្តនូវគម្រោងអភិវឌ្ឍន៍ខេត្តមួយចំនួនដូចជា គម្រោងសាងសង់ប្រាសាទក្នុងផ្ទៃបឹងតាកែវ រៀបចំវេទិកាអុំទូក សណ្ឋាគារលំដាប់ផ្កាយបួន និងផ្លូវក្រវ៉ាត់បឹងតាកែវ ដែលមានប្រវែងសរុបប្រមាណ១៨ គីឡូម៉ែត្រ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។ មួយវិញទៀតខាងវិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ បានរួមចំណែកក្នុងសេដ្ឋកិច្ចខេត្តចំនួន ៣១% តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត សរុបចំនួន ៤៣៤,៣៩៧,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២៥នេះដែរ មានរោចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ១.០២២ មូលដ្ឋានដូចជារោងចក្រធុនធំ ចំនួន២២៨មូលដ្ឋាន សហគ្រាសធុនតូច ចំនួន១៩២មូលដ្ឋាន សហគ្រាសធុនមធ្យម ចំនួន០៧មូលដ្ឋាន និងសិប្បកម្ម ចំនួន៥៩៥មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្ម ចំនួន ១៤៤,៧៩៩នាក់ ស្រី ៨៧,៥២៨នាក់ និងទុនវិនិយោគសរុបចំនួន ១,០០៥,០៩០,២០៦ ដុល្លារអាមេរិក។

    ជាចុងបញ្ចប់ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំឱ្យមានការរៀបចំវេទិការវាងអនុគណៈកម្មាធិការវិនិយោគខេត្ត និង វិស័យឯកជន ១ឆ្នាំ ពីរដង និងស្នើសុំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តឱ្យបានពេញលេញស្របតាមអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ត្រង់ជំពូកទី៥ ស្តីពីប្រតិភូកម្មសិទ្ធិអំណាច មាត្រា៩៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: