ក្រុមហ៊ុន Molecor គ្រោងបង្កើតរោងចក្រផលិតទុយោទឹកដែលប្រើបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ —ឯកឧត្ដម ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Molecor ជាក្រុមហ៊ុនមកពីប្រទេសអេស្ប៉ាញដែលមានឯកទេសផលិតទុយោ និងតំណទឹកសម្រាប់ទីផ្សារជាង ៣០ប្រទេសនៅលើពិភពលោក។
គណៈប្រតិភូដឹកនាំដោយលោក Walter Philip Pattynama នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រនៅកម្ពុជានិងនាំយកដំណោះស្រាយផលិតផលទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិករទឹកស្អាត លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការលេចធ្លាយទឹក។
ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា ទឹកស្អាតមិនត្រឹមតែជាអាទិភាពសម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករជំរុញបរិវត្តកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍវិស័យឧស្សាហកម្ម។
ឯកឧត្ដមបានរំលេចពីភាពចាំបាច់នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលមានគុណភាពខ្ពស់សម្រាប់រយៈពេលវែង និងបានស្នើឱ្យក្រុមហ៊ុននាំយកទាំងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីប្រតិបត្តិករទឹកស្អាត ពិសេសប្រតិបត្តិករនៅតាមតំបន់ជនបទ មានលទ្ធភាពកែលម្អ និងពង្រីកវិសាលភាពនៃការផ្គត់ផ្គង់។
ឯកឧត្ដមបានលើកឡើងថា៖“កម្ពុជាស្វាគមន៍ក្រុមហ៊ុនដែលនាំយកនូវនវានុវត្តន៍ និងដំណោះស្រាយរយៈពេលវែង រួមទាំងបច្ចេកវិទ្យា ផលិតផលគុណភាពខ្ពស់ និងការអនុវត្តប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ យើងក៏សូមឱ្យក្រុមហ៊ុនពិចារណាដំណោះស្រាយហិរញ្ញប្បទាន ដើម្បីគាំទ្រប្រតិបត្តិករ ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។”
លោក Pattynama បានបង្ហាញអំពីក្រុមហ៊ុន Molecorដែលកំពុងពង្រីកវត្តមាននៅក្នុងតំបន់អាស៊ី អាគ្នេយ៍ និងសំឡឹងឃើញកម្ពុជាជាទីផ្សារសក្តានុពល ជាពិសេសខណៈដែលកម្ពុជាកំពុងផ្លាស់ប្ដូរឆ្ពោះទៅការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលកាន់តែមានគុណភាពខ្ពស់។
លោកPattynama បានលើកឡើងថា៖ “Molecorជាក្រុមហ៊ុនផលិតទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយបេសកកម្មរបស់យើងគឺដើម្បីនាំយកទឹកស្អាតដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាពជូនដល់ប្រជាជន។”
លោកក៏បានបង្ហាញពីបច្ចេកវិទ្យាផលិតទុយោ PVC-O ដែលជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Molecor និងការផ្តោតលើប្រសិទ្ធភាពចំណាយសម្រាប់រយៈពេលវែង តាមរយៈភាពធន់របស់ទុយោភាពងាយស្រួលក្នុងការដំឡើងនិងប្រសិទ្ធភាពបញ្ជូនទឹក (Hydraulic performance) កាន់តែខ្ពស់នៃទុយោ PVC-O៕







ប្រភព៖ ក្រសួងព័ត៌មាន