រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន ស្វាគមន៍ចំពោះការពិភាក្សា លើការរៀបចំឱ្យមានក្របខណ្ឌកិច្ចព្រមព្រៀង ភាពអនុគ្រោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Senator Mohammad Ishaq Dar ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។
នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីលទ្ធផលជាវិជ្ជមាននៃជំនួបពិភាក្សាការងារជាមួយវិស័យឯកជនរបស់ប៉ាគីស្ថាន រួមមានសមាគមអ្នកផលិតឱសថប៉ាគីស្ថាន សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មប៉ាគីស្ថាន និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃទីក្រុងអ៊ីស្លាម៉ាបាដ ដោយបានពិភាក្សានិងស្វែងយល់អំពីកាលានុវត្តភាព និងយន្តការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការគណៈកម្មការចម្រុះកម្ពុជាប៉ាគីស្ថាន និងការរៀបចំផែនការសកម្មភាពជាក់លាក់ ដើម្បីផលប្រយោជន៍រួមគ្នារវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ដោយបញ្ជាក់ថាកម្ពុជាជាដៃគូដ៏ល្អនិងជាមិត្តយូរអង្វែង និងស្វាគមន៍ចំពោះការពិភាក្សាលើការរៀបចំឱ្យមានក្របខណ្ឌកិច្ចព្រមព្រៀងភាពអនុគ្រោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានវិស័យជាច្រើនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីអាចទាញយកអត្ថប្រយោជន៍ទីផ្សារដែលប្រទេសនីមួយៗមាន៕






ប្រភព៖ ក្រសួងព័ត៌មាន