ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយពីលទ្ធផល ការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២
ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា បានផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ ដែលជារបាយការណ៍ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ គ.ស.ហ. បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការវាយតម្លៃ ហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ (NRA II) សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី តំណាងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងម្ចាស់ជំនួយមកពីប្រទេសកាណាដា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធ ក្នុងក្របខណ្ឌជាតិ-អន្តរជាតិ ដែលជាភ្នាក់ងារក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។
សិក្ខាសាលានេះ ក៏មានគោលបំណងធ្វើការផ្សព្វផ្សាយ ពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ (NRA II) ដែលបានរៀបចំយ៉ាងលម្អិត ពីក្រុមការងារចម្រុះ ទទួល បន្ទុក រៀបចំរបាយការណ៍រួម នៃការវាយតម្លៃហានិភ័យថ្នាក់ជាតិ និងត្រូវបានអនុម័តនៅចុងឆ្នាំ២០២៥។ ការវាយតម្លៃហានិភ័យថ្នាក់ជាតិ គឺជាធាតុចូលដ៏សំខាន់មួយ ក្នុងការអនុលោមតាមស្តង់ដារបស់ FAFT ដើម្បីជួយកំណត់ និងវាយតម្លៃ កម្រិតហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេវរកម្មរបស់ប្រទេស ហើយកម្ពុជា បានអនុម័តនូវរបាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិ លើកទី១ នៅឆ្នាំ២០១៦។
របាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិនេះ នឹងប្រើប្រាស់ជាមូលដ្ឋាន ក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះ ហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងជាឯកសារគោល ដើម្បីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អាចកំណត់ផែនការ សកម្មភាព និងបែងចែកធនធានប្រកបដោយប្រសិទ្ធភាព ក្នុងការកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ និងការពង្រឹងសមត្ថភាពស្ថាប័ន លើការត្រួតពិនិត្យ ការផ្លាស់ប្តូរព័ត៌មាន ការស៊ើបអង្កេត ការកាត់ទោសបទល្មើស ការរឹបអូសផលនៃបទល្មើសជាដើម សំដៅទប់ស្កាត់ និងបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

ប្រភព៖ ក្រសួងព័ត៌មាន