Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំភ្លឺថា ជនជាតិបរទេសដែលបើកបុកសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ គឺបើកបរមានផ្ទុកសារធាតុខុសច្បាប់

    BY Liny Chan February 26, 2026
    ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំភ្លឺថា ជនជាតិបរទេសដែលបើកបុកសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ គឺបើកបរមានផ្ទុកសារធាតុខុសច្បាប់

    ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានសេចក្ដីបំភ្លឺ ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀនបើកបុកសមត្ថកិច្ច។

    យោងតាមការបង្ហោះនៅលើផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៤៥នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-4505 បើកបរដោយជនជាតិចិនម្នាក់ អាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ អ្នកបើកបរបានបើកក្នុងល្បឿនលឿន និងវ៉ាជែងខាងស្តាំ មុននឹងបុកលោក វរសេនីយ៍ទោ ចេង ចំរើន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងអនុវត្តភារកិច្ចរក្សាសណ្តាប់ធ្នាប់ចរាចរណ៍នៅគោលដៅ P1 បន្ទាប់ពីបង្កហេតុ អ្នកបើកបរបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យលោក វរសេនីយ៍ទោ ចេង ចំរើន រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

    យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ស្នងការខេត្ត បច្ចុប្បន្នលោកនាយរងការិយាល័យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមដោយមានស្ថានភាពសភាពល្អប្រសើរឡើងវិញហើយ ។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តជាតិអាល់កុល លទ្ធផលអវិជ្ជមាន និងធ្វើតេស្តសារធាតុញៀន លទ្ធផលវិជ្ជមាន ។ ចំណែករថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីតាមច្បាប់ ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងកុំបើកបរក្រោមឥទ្ធិពលសារធាតុញៀន និងគ្រឿងស្រវឹងផ្សេងៗ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមទាំងមូល៕

    Share This Post: