សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្តេច
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្តេច។
តាមរយៈសារតាមបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ បង្ហាញនូវក្តីសង្ឃឹមថាកីឡាករទាំងពីររូប ដែលនិងត្រូវប្រកួតនៅបរទេសនាពេលដ៏ខ្លីខាងមុខនេះនឹងនាំជោគជ័យមកជូនប្រទេសជាតិ។
គួរជម្រាបជូនថា នាព្រឹកថ្ងៃដដែលខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងផ្អាកកីឡាករប្រដាល់គុនខ្មែរពីររូបមិនឱ្យចូលរួមការប្រកួតរយៈពេល៦ខែ។
សម្តេច បានបញ្ជាក់ថា ការចេញសេចក្តីជូនដំណឹងនេះ អាចទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។
ការទទូចខាងលើ បានធ្វើឡើងក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូប មិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។
តាមសម្តេចតេជោ បានបញ្ជាក់ថាការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិល ចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន