Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម៖ រាជរដ្ឋាភិបាល ខ្វល់ខ្វាយពីសុខទុក្ខបងប្អូនជនភៀសសឹកគ្រប់ពេលវេលាទោះក្នុងកាលៈទេសៈណាក៏ដោយ

    BY Liny Chan March 2, 2026
    ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម៖ រាជរដ្ឋាភិបាល ខ្វល់ខ្វាយពីសុខទុក្ខបងប្អូនជនភៀសសឹកគ្រប់ពេលវេលាទោះក្នុងកាលៈទេសៈណាក៏ដោយ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ និងខ្វល់ខ្វាយពីសុខទុក្ខបងប្អូនជនភៀសសឹកគ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ការលើកឡើងរបស់ឯកឧត្តម កិត្តិសង្គហបណ្ឌិតបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល ផ្សព្វផ្សាយ និងសម្របសម្រួលឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក ផ្លាស់ទីទៅស្នាក់នៅ មណ្ឌលសុវត្ថិភាពថ្មី ដែលស្ថិតនៅភូមិកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ និងដោយមានការអញ្ជើញចូលរួមពីលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។

    ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថា ការរៀបចំមណ្ឌលថ្មីនេះ គឺជាកិច្ចអន្តរាគមន៍បន្ទាន់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ពលរដ្ឋដែលរងគ្រោះពីការរំលោភបំពានអធិបតេយ្យភាពពីសំណាក់ភាគីថៃ ដែលធ្វើឱ្យពួកគេមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។ ទន្ទឹមនេះ ដើម្បីធានាបាននូវការរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានអនាម័យ មណ្ឌលសុវត្ថិភាពថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ រួមមាន ជម្រកចល័តស្តង់ដារ បង្កលក្ខណៈងាយស្រួល អាចការពារបានយ៉ាងមានប្រសិទ្ធភាពពីកម្តៅថ្ងៃ ភ្លៀង និងខ្យល់កន្ត្រាក់។ បន្ថែមពីនេះទៀត ប្រព័ន្ធអនាម័យ មានការរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យត្រឹមត្រូវ ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និងធានាសុខុមាលភាពជូនពលរដ្ឋ។

    ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានសង្កត់ធ្ងន់ថា៖ “រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែតាមដាន និងខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកគ្រប់វិនាទី។ ការរៀបចំមណ្ឌលនេះ គឺដើម្បីឱ្យបងប្អូនមានកន្លែងស្នាក់នៅសមរម្យ និងមានសុវត្ថិភាពខ្ពស់”។

    ក្នុងឱកាសនោះ ក្រៅពីការចុះពិនិត្យទីតាំងស្នាក់នៅ ឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមការងារអាជ្ញាធរខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ចែកជូនដល់គ្រួសារភៀសសឹក ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងដំណាក់កាលបណ្តោះអាសន្ននេះ។

    ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ថែមថា សកម្មភាពនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិផង និងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះព្រំដែនផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: