សិស្សឆ្នើមជាង ១៣០០នាក់ទូទាំងខេត្តត្បូងឃ្មុំ ចូលរួមប្រលងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តឆ្នាំ២០២៦
ត្បូងឃ្មុំ ៖ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តត្បូងឃ្មុំ មុនកិច្ចដំណើរការប្រឡងនេះ ក៏មានពិធីកាត់ស្រោមវិញ្ញាសា មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្នារ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួរ ឈុនគ្រី អគារធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមណ្ឌលវិទ្យាល័យតេជោត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្ត។
លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តគឺរៀបចំឡើងចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មាន ២មណ្ឌល ៥៥បន្ទប់ បេក្ខជនសរុបចំនួន ១៣៥៤នាក់ ស្រី ៩៣១នាក់។
សូមជម្រាបថា ការប្រឡងនេះក្នុងគោលបំណងការប្រឡងសិស្សពូកែថ្នាក់ខេត្ត មិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពយកលេខរៀងប៉ុណ្ណោះទេ ប៉ុន្តែវាមានគោលបំណងសំខាន់ៗជាច្រើនសម្រាប់សិស្សានុសិស្ស និងប្រព័ន្ធអប់រំទាំងមូល ដែលជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយស
ការប្រឡងនេះគឺជាវេទិកាមួយដែលអនុញ្ញាតឱ្យសិស្សដែលមានការខិតខំប្រឹងប្រែងទទួលបាននូវ ការទទួលស្គាល់។ ការទទួលបានជ័យលាភីនាំមកនូវកិត្តិយសដល់ខ្លួនឯង គ្រួសារ និងសាលារៀន ដែលជាកម្លាំងចិត្តយ៉ាងខ្លាំងក្លាសម្រាប់សិស្សក្នុងការបន្តការសិក្សាឱ្យកាន់តែពូកែ។
ជាមួយគ្នានេះគណអធិបតីបានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្អូនទាំងអស់ ត្រូវធ្វើយ៉ាងណា ខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសម្ថភាព ដើម្បីទទួលបានឱកាសក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិនាពេលខាងមុខ ជួយលើកមុខមាត់ដល់ ខ្លួនឯង គ្រួសារ និងខេត្តត្បូងឃ្មុំទាំមូល។
សូមជម្រាបថា៖ ការប្រឡងសិស្សពូកែគឺជា “ស្ពាន” ដើម្បីឆ្ពោះទៅរកភាពជោគជ័យខ្ពស់ជាងមុន និងជាការបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ៕








ប្រភព៖ ក្រសួងព័ត៌មាន