Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា បង្ហាញពីភាពជោគជ័យនៃរបត់ដឹកនាំបន្តវេន និងតួនាទីសមាជិកសភាវ័យក្មេង ក្នុងកិច្ចប្រជុំ APF នៅប្រទេសម៉ូណាកូ

    BY Liny Chan March 3, 2026
    កម្ពុជា បង្ហាញពីភាពជោគជ័យនៃរបត់ដឹកនាំបន្តវេន និងតួនាទីសមាជិកសភាវ័យក្មេង ក្នុងកិច្ចប្រជុំ APF នៅប្រទេសម៉ូណាកូ

    ឯកឧត្តម សន សារ៉ាណា សមាជិក គណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធាន បណ្ដាញសមាជិកសភាវ័យក្មេង APF ក្នុងនាមជា តំណាងរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ បណ្ដាញ សមាជិកសភាវ័យក្មេងនៃសភា ប្រើ ភាសាបារាំង(APF)នាទីក្រុងម៉ូណាកូដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៦ នេះជាមួយ តំណាងសភាប្រើភាសាបារាំង ចំនួន ១០ប្រទេស រួមមាន កាណាដា ប៊ែលហ្សិក និងប្រទេសជាសមាជិកសំខាន់ៗមួយចំនួនទៀត បានបង្ហាញនូវមោទនភាពជាតិ ចំពោះការ ផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំកម្ពុជាជាប្រវត្តិសាស្ត្រ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០។

    ឯកឧត្តម សន សារ៉ាណា បានគូសបញ្ជាក់ថា ក្រោយ​ការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជាបាន​ឈាន​ចូលដំណាក់កាលថ្មីនៃការផ្ទេរភារកិច្ចជូនថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលភាគច្រើនមានអាយុក្រោម ៤៥ឆ្នាំ។ នេះជាយុទ្ធសាស្ត្រដ៏​ច្បាស់លាស់​របស់​កម្ពុជា ក្នុងការប្រើប្រាស់ថាមពលយុវជន​ដើម្បី​កសាងអនាគតជាតិ ក្នុងនោះ រដ្ឋសភាកម្ពុជា​បានដាក់ចេញនូវវិធានការអាទិភាពចំនួន ៣ ដើម្បីលើកកម្ពស់សមត្ថភាពអ្នកតំណាងរាស្ត្រវ័យក្មេងរួមមាន៖

    ទី១.ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ផ្ដោតលើការឆ្លើយតបទៅនឹងតម្រូវការយុវជនក្នុងវិស័យការងារ អប់រំ និងសេដ្ឋកិច្ចឌីជីថល។

    ទិ២. បរិវត្តកម្មឌីជីថល៖ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងឆ្លើយតបបញ្ហានានាជាមួយម្ចាស់ឆ្នោតឱ្យបានទាន់ពេលវេលា។

    ទី៣. តួនាទីក្នុងសន្តិភាព និងការអភិវឌ្ឍ៖ ពង្រឹងសកម្មភាពសមាជិកសភាវ័យក្មេងក្នុងការថែរក្សាសន្តិភាព និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

    សូមបញ្ជាក់ដែរ វត្តមានរបស់ ឯកឧត្តម សន សារ៉ាណាក្នុងកិច្ចប្រជុំបណ្ដាញសមាជិកសភាវ័យក្មេងនៃសភាប្រើភាសាបារាំង(APF)នាទីក្រុងម៉ូណាកូ បានលើកកម្ពស់មុខមាត់សភាកម្ពុជាលើឆាកអន្តរជាតិ បង្ហាញឱ្យពិភពលោកឃើញថា យុវជនកម្ពុជាមិនត្រឹមតែជាអ្នកបន្តវេនប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះក្រៅពីចូលរួមកិច្ចប្រជុំ​តំណាងរដ្ឋសភាកម្ពុជា ឯកឧត្តម សន សារ៉ាណា ក៏បានចូលរួមក្នុងពិធីលៀងសាយភោជន៍សាមគ្គីដែលរៀបចំដោយក្រុមប្រឹក្សាជាតិម៉ូណាកូ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេស​ប្រើភាសាបារាំង និងផ្លាស់ប្តូរបទពិសោធ​ការងារសភាឱ្យកាន់តែស៊ីជម្រៅផងដែរ៕

    Share This Post: