Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ប្រព័ន្ធផ្សព្វផ្សាយថៃដែលថា សម្តេចធិបតីនឹងចរចាទាមទារទឹកដីជាមួយថៃ ក្រោយចូលឆ្នាំខ្មែរ

    BY Liny Chan March 11, 2026
    អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ប្រព័ន្ធផ្សព្វផ្សាយថៃដែលថា សម្តេចធិបតីនឹងចរចាទាមទារទឹកដីជាមួយថៃ ក្រោយចូលឆ្នាំខ្មែរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១០ខែមីនា ឆ្នាំ ២០២៦ នេះ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី«នគរសង្ក្រាន»។

    ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថា៖

    ទី១៖ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពុំដែលបានមានប្រសាសន៍ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។

    ទី២៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។

    ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមាន​កាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជាបានដាក់សំណើទៅកាន់គាគីថៃចំនួន ៥លើកមកហើយដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: