Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍នគរសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំខ្មែរនឹងមានការប្រកួតអុកចត្រង្គ ដែលជាប្រភេទកីឡាព្រលឹងវប្បធម៌ខ្មែរ

    BY Liny Chan March 11, 2026
    ព្រឹត្តិការណ៍នគរសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំខ្មែរនឹងមានការប្រកួតអុកចត្រង្គ ដែលជាប្រភេទកីឡាព្រលឹងវប្បធម៌ខ្មែរ

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍នគរសង្ក្រាន្តបានប្រកាសជូនដំណឹងដល់សាធារណជន សិស្សា នុសិស្ស កីឡាករ កីឡាការិនីអុកចត្រង្គចូលរួមប្រកួតកីឡាអុកចត្រង្គ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខណៈអុកចត្រង្គ ជាប្រភេទកីឡាអត្តសញ្ញាណព្រលឹងវប្បធម៌ខ្មែរ។

    ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍នគរសង្ក្រាន្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា ដោយសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជានឹងរៀបចំការប្រកួតកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ខាងមុខនេះ។ សាធារណជន និងសិស្សានុសិស្ស ដែលមានបំណងចូលរួមប្រកួតត្រូវបានកំណត់នូវលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជា កីឡាករ កីឡាការិនីសញ្ជាតិខ្មែរ មានសុខភាពល្អ និងមានស្មារតីមោះមុតក្នុងការប្រកួត សិស្សានុសិស្ស អាយុចន្លោះ៨ឆ្នាំ ទៅ១២ឆ្នាំ ដោយអាចចុះឈ្មោះចូលរួម នៅលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានី-ខេត្ត ឬនៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬអាចចុះឈ្មោះតាមប្រព័ន្ធអនឡាញផងដែរ។

    ចំពោះកាលបរិច្ឆេទទទួល និងឈប់ទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ និងបញ្ចប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ចំពោះកាលបរិច្ឆេទការប្រកួត (វគ្គជម្រុះ) ពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រាជធានីភ្នំពេញ។ គណៈកម្មការរៀបចំក៏បានអំពាវនាវដល់សាធារណជន និងសិស្សានុសិស្ស ដែលមានបំណងចង់បញ្ចេញសមត្ថភាព និងទេព កោសល្យ សូមរួសរាន់ចុះឈ្មោះដាក់ពាក្យចូលរួមប្រកួតតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ឱ្យបានច្រើនកុះករ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: