អភិបាលខេត្តក្រចេះ ជំរុញដល់អាជ្ញាធរក្រុង ស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរ ក្រុង ស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដែលដាក់លក់ប្រចាំថ្ងៃ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់។
ការជំរុញរបស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំកាំពីសាលាខេត្ត។
នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរក្រុងស្រុកឱ្យ៖
-បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដែលដាក់លក់ប្រចាំថ្ងៃ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់
-បន្តពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្វះខាត ដើម្បីដាក់ផែនការចុះបន្តអន្តរាគមន៍ចែកជូនឲ្យទាន់ស្ថានភាព រួមនិងការពន្យល់ណែនាំអំពីការផ្តល់ជូន និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ
-ត្រូវពិនិត្យ និងរៀបចំគុណភាព សុវត្ថិភាពចំណីអាហារ ក្នុងវិស័យទេសចរណ៍ ដោយមន្ទីរទេសចរណ៍ត្រូវចុះផ្សព្វផ្សាយណែនាំចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ដើម្បីរៀបចំទីតាំងឲ្យបានសមរម្យ និងមានសណ្តាប់ធ្នាប់ អនាម័យ ពិសេសនៅតំបន់រមណីយដ្ឋានទេសចរណ៍នានា ឲ្យបានមុនព្រឹត្តិការបុណ្យទន្លេ -ជំរុញចលនាភូមិ ១ផលិតផល១ ឲ្យត្រៀមយកមកដាក់តាំងលក់នៅក្នុងតាមបណ្តាស្តង់ ក្នុងព្រឹត្តិបុណ្យទន្លេ ដើម្បីជាឱកាសផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
ឯកឧត្តម អភិបាលខេត្ត បន្តថា សម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់ ត្រូវពង្រឹងការចុះយាមល្បាតតាមទីតាំងសំខាន់ៗបណ្តោយមាត់ទន្លេ ការមកលំហែរកម្សាន្ត និងការងារហូបចុករបស់បងប្អូនប្រជាពលរដ្ឋ, ក្រុងស្រុក ត្រូវចុះពិនិត្យមើលទីតាំងប្រជុំជន លើការសាងសង់តូបលក់ដូររំលោភយកដីចំណីផ្លូវសាធារណៈ ត្រូវចុះណែនាំ និងទប់ស្កាត់បញ្ជៀសការកកស្ទៈចរាចរណ៍ nigបណ្តាប៉ុស្តិ៍ជាប់បណ្តោយមាត់ទន្លេ សូមកុំឲ្យមានបញ្ហាជាប់ពាក់ព័ន្ធនិងបទល្មើសនេសាទឲ្យសោះ ករណីរកឃើញត្រូវចាត់វិធានការ និងដកហូតតំណែង។
ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ប្រជាលរដ្ឋដែលខ្វះដី សូមចូលរួមដាក់ពាក្យស្នើសុំដីឲ្យបានត្រឹមត្រូវ ជៀសវាងការចូលកាន់កាប់ដីខុសច្បាប់ ហើយជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យយាមល្បាតជាប់ប្រចាំ និងអនុវត្តតាមនីតិវិធីច្បាប់ -បញ្ហាក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងScamer Online តាមមូលដ្ឋាន សមត្ថកិច្ចត្រូវពង្រឹងការចុះតាមដានណែនាំធ្វើកិច្ចសន្យា និងឈានដល់ការចាប់បង្រ្កាបតាមនីតិវិធីច្បាប់ -បញ្ហាការជក់បារី ជក់គ្រឿងញៀនអេឡិចត្រូនិច សូមរួមគ្នាពិនិត្យស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ចេញសេចក្តីជូនដំណឹង និងណែនាំ ពិសេសនៅតាមសាលារៀន ដែលជាថ្នាល់បណ្តុះធនធានមនុស្សរបស់ប្រទេសជាតិ ៕



ប្រភព៖ ក្រសួងព័ត៌មាន