កម្ពុជា សម្រេចបានវឌ្ឍនភាពនៃកម្មវិធីជាតិផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍
យោងតាមការចុះផ្សាយរបស ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈភាពជាដៃគូដ៏រឹងមាំរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) អាហារតាមសាលារៀនដែលពោរពេញទៅដោយអាហារូបត្ថម្ភ កំពុងផ្ដល់ជូនដល់សិស្សានុសិស្សជាង ៣០០,០០០នាក់ នៅក្នុងសាលាបឋមសិក្សាតាមជនបទចំនួន ១,១១៤សាលា នៃខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមប្រភពព័តមានពីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ។
ប្រភពដដែល បានបន្តថា អាហារទាំងនេះជួយឱ្យកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មកសាលារៀនបានទៀងទាត់ និងរៀនសូត្របានកាន់តែប្រសើរ ដែលផ្ដល់ឱ្យសិស្សានុសិស្សម្នាក់ៗនូវស្មារតីរឹងមាំក្នុងការសិក្សា។
តាមក្រសួងអប់រំ បានបន្តថា ក្រៅពីអត្ថប្រយោជន៍ដល់សិស្សានុសិស្ស កម្មវិធីនេះក៏ផ្ដល់ផលវិជ្ជមានយ៉ាងទូលំទូលាយដល់សហគមន៍ដូចជា៖
-ការបញ្ជាទិញកសិផលពីកសិករក្នុងសហគមន៍
-ការបង្កើតការងារសម្រាប់សមាជិកក្នុងសហគមន៍
-ការពង្រឹងប្រព័ន្ធស្បៀងក្នុងមូលដ្ឋាន
ក្រសួងអប់រំ បានរំលេចថា «យើងរួមគ្នាកសាងធនធានមនុស្សជំនាន់ក្រោយដែលមានសុខភាពល្អ និងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជាក្នុងរយៈពេលវែង»៕



ប្រភព៖ ក្រសួងព័ត៌មាន