រដ្ឋបាលលោក ត្រាំ នឹងទទួលបានថ្លៃសេវា ១០ពាន់លានដុល្លារក្រុមពីវិនិយោគិន ដែលចុះកិច្ចព្រមព្រៀងគ្រប់គ្រង TikTok នៅសហរដ្ឋអាមេរិក
អាមេរិក៖ របាយកាណ៍មួយបានបង្ហាញថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងទទួលបានថ្លៃសេវាប្រមាណជា ១០ពាន់លានដុល្លារក្រុមពីវិនិយោគិន ដែលចុះកិច្ចព្រមព្រៀងគ្រប់គ្រងលើបណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែមីនា។ របាយការណ៍ខាងលើនេះត្រូវបានចេញផ្សាយដោយការសែត Wall Street Journal ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ជូនថា បណ្តាញសង្គម TikTok គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋានៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ក្រោយមានរឿងចម្រូងចម្រាសជាមួយរដ្ឋាភិបាលអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុន ByteDance កាលពីពេលថ្មីៗនេះបានយល់ព្រមលក់សិទ្ធគ្រប់គ្រងអាជីវកម្មលើបណ្តាញសង្គម TikTok (សម្រាប់តែ TikTok នៅលើទឹកដីសហរដ្ឋអាមេរិកប៉ុណ្ណោះ) មួយផ្នែកធំឱ្យទៅក្រុមហ៊ុនអាមេរិកជាអ្នកគ្រប់គ្រង។ បើទោះជាគិតត្រឹមពេលនេះ នៅមិនទាន់មានការបញ្ជាប់ពីឈ្មោះក្រុមហ៊ុនអាមេរិកណាមួយឬច្រើនជាងមួយ ដែលនឹងទទួលបានសិទ្ធគ្រប់គ្រងបណ្តាញសង្គម TikTok នៅអាមេរិកក៏ពិតមែន តែគេអាចដឹងថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងទទួលបានថ្លៃសេវា ១០ពាន់លានដុល្លារពីក្រុមហ៊ុនទាំងនោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia