ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យដែលសក្តានុពលនានា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងអូស្ត្រាលី ហើយបានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបន្តគាំទ្រដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធា។
កម្ពុជាទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យដែលសក្តានុពលនានា ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ក្នុងពេលដែលសភាពការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ចំណែកឯវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន