ក្រុមហ៊ុនអូទ្រីសចំនួន១៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដោយមានវត្តមានគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដឹកនាំដោយលោក លោក Andreas Sumper អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីពង្រឹង និងពង្រីកវិសាលភាពវិនិយោគទ្វេភាគី។ កម្មវិធីនេះក៏មានការចូលរួមផងដែរពី តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអប់រំយុវជននិងកីឡា, សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា។
វេទិកាធុរកិច្ចនាព្រឹកនេះ ជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានពីមុនមក របស់គណៈប្រតិភូក្រុមហ៊ុនអូទ្រីសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះត្រូវបានរៀបចំឡើងឱ្យមានលក្ខណៈ យុទ្ធសាស្ត្រមួយដែលអនុញ្ញាតឱ្យវិនិយោគិនអូទ្រីស មានឱកាសទទួលបាននូវការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារនៅកម្ពុជា និងការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយរំពឹងថាវានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗនៅកម្ពុជា។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីបច្ច័យវិជ្ជមានរបស់កម្ពុជា ដែលជាគោលដៅវិនិយោគមួយ ក្នុងចំណោមគោលដៅដែលមានថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបានបន្ថែមថា ជាមួយនឹងច្បាប់វិនិយោគដែលមានអំណោយផលខ្ពស់, ការយកចិត្តទុកដាក់ចំពោះវិស័យឯកជនពីរាជរដ្ឋាភិបាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ចំពោះការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលសិទ្ធសឹងជាកត្តាសំខាន់ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ទាញសម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។
តំណាងគណៈប្រតិភូក្រុមហ៊ុនអូទ្រីស បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក.អ.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់កិច្ចសហការដ៏ល្អប្រសើរ និងការគាំទ្រយ៉ាងកក់ក្តៅក្នុងការបេសកកម្មនេះ។
វេទិកាធុរកិច្ចនេះ ត្រូវបានរំពឹងថានឹងក្លាយជាបោះជំហានដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរពីការពិភាក្សា ទៅជាការបង្កើតនូវទំនាក់ទំនងធុរកិច្ចទ្វេភាគី (B2B) យ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគីទាំងពីរមានទំនុកចិត្តថា នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីសនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព៕




ប្រភព៖ ក្រសួងព័ត៌មាន