Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពត គ្រោងរៀបចំ «វិថីអាហារ» ដែលមានមុខម្ហូបជាង ៦០មុខ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យចូលខ្មែរ

    BY Liny Chan March 20, 2026
    ខេត្តកំពត គ្រោងរៀបចំ «វិថីអាហារ» ដែលមានមុខម្ហូបជាង ៦០មុខ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យចូលខ្មែរ

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបើកដំណើរការ «វិថីអាហារ» ក្នុងក្រុងកំពត ក្នុងគោលបំណងត្រៀមលក្ខណៈទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

    ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

    ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។

    ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តកំពត ក៏បានអញ្ជើញបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីខេត្តកំពត ដែលជា «ក្រុងបេតិកភណ្ឌរស់រវើកជាមួយម្ហូបអាហារដ៏ឆ្ងាញ់ពិសារ» និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: