សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋរក្សាស្មារតីសាមគ្គីភាពជាតិឱ្យបានយូរអង្វែង
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការជួយដល់ជនភៀសសឹក និងកងទ័ពជួរមុខក្នុងគ្រាដែលប្រទេសជាតិទទួលរងការឈ្លានពាន។
ក្នុងសុន្ទរកថា សម្ដេចធិបតីបានសង្កត់ធ្ងន់ និងអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាពនេះឱ្យបានខ្ជាប់ខ្ជួន និងរឹងមាំបំផុត ដោយសម្ដេចមានប្រសាសន៍ថា៖ «កុំមានត្រឹមរយៈពេលខ្លីដូចភ្លើងចំបើង»។
សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អតីតយុទ្ធជន និវត្តជន តំណាងក្រសួង-ស្ថាប័ន និងយុវជន សរុបប្រមាណ ៣,៥០០នាក់ ដើម្បីរំលឹកដល់គុណូបការៈ និងពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ៕
ប្រភព៖ ក្រសួងព័ត៌មាន