Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿននៅខេត្តកំពង់ស្ពឺឆ្នាំនេះ គគ្រឹកគ្រេងជាងឆ្នាំមុន

    BY Liny Chan April 5, 2026
    ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿននៅខេត្តកំពង់ស្ពឺឆ្នាំនេះ គគ្រឹកគ្រេងជាងឆ្នាំមុន

    ‎ ‎AKP កំពង់ស្ពឺ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦– មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំពិធី “ប្រណាំងរទេះសាឡីគោលឿន” ប្រចាំឆ្នាំ២០២៦ យ៉ាងកគ្រឹកកគ្រេង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ជា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ម្ចាស់សម្រស់គោលឿនមកពីបណ្តាក្រុង-ស្រុកនានា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកទស្សនា និងផ្ដល់កម្លាំងចិត្ត។ ‎

    ‎ឆ្លៀតក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍ វប្បធម៌ជាតិ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី នៃ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ជាពិសេសការប្រារព្ធ មហោស្រពប្រណាំងរទេះសាឡី គោលឿន ឆ្នាំ២០២៦ នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានអនុវត្តតាមគោលការណ៍ ដែលបានស្នើសុំ ក៏ដូចជាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងសមាគមរទេះសាឡី គោលឿនខេត្តកំពង់ស្ពឺ ក្នុងការរៀបចំពិធីនេះប្រកបដោយភាពរលូន និងអធិកអធម។

    ‎ ‎លោកបានបន្តទៀតថា ការប្រារព្ធមហោស្រពប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ជាលើកទី១២ ដោយមានរទេះ សាឡីគោលឿនចូលរួមចំនួន៨០នឹម (គោតូចចំនួន៥១នឹម និងគោធំចំនួន២៩នឹម)។ ការប្រារព្ធ មហោស្រពនេះ គឺដើម្បីជំរុញទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូន ប្រជាពលរដ្ឋ សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ រួមគ្នាធ្វើការផ្សព្វផ្សាយអំពី សិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាស្នាដៃសិល្បៈកើតចេញពីកម្លាំងពលកម្ម និងកម្លាំងប្រាជ្ញា ស្មារតីរបស់បុព្វបុរស។

    ‎ ‎ក្នុងឱកាសប្រគល់រង្វាន់នោះដែរ លោក តូច ប៉ូលីវា អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះម្ចាស់គោទាំងអស់ ទោះបីឈ្នះ ឬចាញ់ ក៏សុទ្ធតែជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងជួយឱ្យមហាជនបានស្គាល់កាន់តែច្បាស់ពីសក្តានុពលនៃរទេះសាឡីគោលឿនរបស់ខេត្តកំពង់ស្ពឺយើងផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: