ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ក្នុងខេត្តចំនួន៩, សិស្សក្រីក្រ មានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅនៅទីតាំង ចំនួន១៣ ក្នុងខេត្តចំនួន៩ដូចជា ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។
ក្រសួង បានបញ្ជាក់ថា ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។
ដោយឡែកចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន២៨០,០០០(ម្ភៃប្រាំបីម៉ឺន)រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ៕


ប្រភព៖ ក្រសួងព័ត៌មាន