Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីសោមនស្ស និងបួងសួងថ្វាយព្រះពរព្រះមហាក្សត្រ ក្រោយទទួលបានជោគជ័យក្នុងការវះកាត់ព្រះរោគនៅប្រទេសចិន

    BY Liny Chan April 20, 2026
    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីសោមនស្ស និងបួងសួងថ្វាយព្រះពរព្រះមហាក្សត្រ ក្រោយទទួលបានជោគជ័យក្នុងការវះកាត់ព្រះរោគនៅប្រទេសចិន

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវក្តីរំភើបសោមនស្សរីករាយឥតឧបមា បន្ទាប់ពីទទួលបានដំណឹងអំពីភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងកិច្ចវះកាត់ព្យាបាលព្រះរោគថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

    យោងតាមសារលិខិតថ្វាយព្រះពរ លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ការវះកាត់ព្យាបាលព្រះរោគរបស់ព្រះអង្គ ត្រូវបានអនុវត្តដោយជោគជ័យដោយក្រុមគ្រូពេទ្យជំនាញនៃសាធារណរដ្ឋប្រជាមានិតចិន។

    ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាថែរក្សាព្រះមហាសេតច្ឆត្ត សូមមេត្តាប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យ និងវិបុលសុខគ្រប់ប្រការថ្វាយដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

    លោកជំទាវបណ្ឌិត ក៏បានបួងសួងសូមឱ្យព្រះអង្គឆាប់មានព្រះរាជសុខភាពល្អបរិបូរ និងរឹងមាំឡើងវិញ ដើម្បីយាងនិវត្តមកកាន់មាតុភូមិវិញ ក្នុងការបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្ត និងសម្បូរថ្កុំថ្កើង សម្រាប់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេស ឱ្យបានយូរអង្វែងតរៀងទៅ។

    គួរបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង តែងតែយាងទៅពិនិត្យព្រះរាជសុខភាពជាទៀងទាត់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ហើយដំណឹងនៃភាពជោគជ័យនៃការវះកាត់ព្រះរោគនាពេលនេះ បាននាំមកនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងដល់មន្ត្រីរាជការ និងប្រជានុរាស្ត្រខ្មែរគ្រប់រូប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: