ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» បានធ្វើឲ្យភ្នំពេញក្លាយជាគោលដៅទេសចរណ៍ដ៍មានប្រជាប្រិយភាពមួយ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលបានរៀបចំនៅរាជធានីភ្នំពេញ បានធ្វើឲ្យទីតាំងនេះទទួលបានទេសចរច្រើនជាងខេត្តសៀមរាប និងខេត្តព្រះសីហនុទៀតនៅក្នុងអំឡុងពេលចូលឆ្នាំ៣ថ្ងៃ។
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា រាជធានីខេត្តដែលទទួលបានទេសចរច្រើនជាងគេគឺ រាជធានីភ្នំពេញ មានជាង ៤លាន ៤០ម៉ឺននាក់ ខេត្តកំពង់ចាមមានជាង៤លាន១៧ម៉ឺននាក់ ខេត្តព្រៃវែងមានជាង២លាន៣២ម៉ឺននាក់ ខេត្តសៀមរាបមានជាង១លាន៧៩ម៉ឺននាក់និង ខេត្តកំពង់ស្ពឺមានជាង១លាន៧១២ម៉ឺននាក់។ បើទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ តាំងពីព្រឹករហូតដល់យប់បង្កើតនូវស្នាមញញឹមប្រកបអនុស្សាវរីយ៍ល្អៗដែលមានមហាជនប្រមាណជាង ១លាននាក់ រៀងរាល់ថ្ងៃ ពោលគឺនៅថ្ងៃទី១៧ មេសាមានចំនួន ជាង១លាន៣៨ម៉ឺននាក់ សម្រាប់ថ្ងៃទី១៨ មានចំនួន ជាង១លាន៥៥ម៉ឺននាក់ និងថ្ងៃទី១៩ មេសាជាថ្ងៃបញ្ចប់មានចំនួន ជាង១លាន៤១ម៉ឺននាក់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ៦ថ្ងៃទទួលបានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៩លាននាក់ ។
សូមរម្លឹកថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ ដែល រៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែមេសា នៅរាជធានីភ្នំពេញ ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ មានរៀបចំកម្មវិធីក្បួនដង្ហែរវប្បធម៌ កម្មវិធីលេងកម្សាន្តប្រពៃណី និងការរៀបចំភូមិវប្បធម៌ក្នុងរាជធានីភ្នំពេញ មានគោលបំណងធ្វើឱ្យរាជធានីភ្នំពេញក្លាយជាបេះដូងនៃការប្រារព្ធពិធីចូលឆ្នាំថ្មីជាមួយភាពស្រស់ស្រាយសប្បាយរីករាយ និងសន្តិសុខល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនិងលើកកម្ពស់ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិខ្មែរ ឱ្យបានទូលំទូលាយដល់យុវជន និងសាធារណជនព្រមទាំងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ៕







ប្រភព៖ ក្រសួងព័ត៌មាន