អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់អាជ្ញាធរ បន្តតាមដានកុំឱ្យមានករណី online scams កើតឡើងនៅមូលដ្ឋានរបស់ខ្លួន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវបន្តតាមដានឱ្យបានដិតដល់កុំឱ្យមានករណី online scams កើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។
ការក្រើនរំលឹករបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
បើតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាក់ឱ្យដឹងថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។ បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។ យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមូលដ្ឋាន។
ឯកឧត្តម អភិបាលខេត្ត ក៏បានដាស់តឿនអាជ្ញាធរ ក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់អន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិឱ្យបានទាន់ពេលវេលា ខណៈរដូវវស្សាជិតចូលមកដល់ភ្លៀងលាយឡំខ្យល់កន្រ្តាក់កើតឡើងជាបន្តបន្ទាប់។
ឯកឧត្តម អភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងបានយ៉ាងល្អប្រសើរ។
ឯកឧត្តម អភិបាលខេត្ត ណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍គិតគូរសិក្សាដាក់ផ្លាកសញ្ញា កែសម្រួលសញ្ញាចរាចរណ៍ និងគូសគំនូសតាមដងផ្លូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ ព្រមទាំងបង្រ្កាបរថយន្តកែច្នៃតទ្រុងខុសបច្ចេកទេសដឹកសំពីងសំពោងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។
ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់មន្រ្តីរាជការ និងកងកម្លាំងចូលរួមក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង៕

ប្រភព៖ ក្រសួងព័ត៌មាន