អ្នកនាំពាក្យក្រសួងការបរទេស៖ ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃ ចេញពី MOU-2001 គឺជាជំហានមួយងាកចេញ ពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើងថា ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញ ពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ (MOU-2001)។
សេចក្តីថ្លែងការណ៍ខាងលើ បានបន្តថាចំពោះកម្ពុជាវិញ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរំលេចថា វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន