ឯកឧត្តម វ៉ី សំណាង៖ អភិបាលក្រុងដូនកែវថ្មី ត្រូវខិតខំប្រែក្លាយបេះដូងខេត្តតាកែវ ឱ្យទៅជាទីក្រុងវៃឆ្លាត និងមានសោភ័ណភាពទ្វេដង
តាកែវ ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងដូនកែវ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តតាកែវ បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់លោក ឌឹម គឹមសាន្ត អភិបាលក្រុងដែលទើបតែងតាំងថ្មី ឱ្យខិតខំដុសខាត់សម្រស់ក្រុងដូនកែវឱ្យកាន់តែលេចធ្លោថែមទៀត។
ការពង្រឹងសោភ័ណភាព និងសេដ្ឋកិច្ច ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ដោយសារក្រុងដូនកែវគឺជា “បេះដូង” នៃខេត្ត អាជ្ញាធរក្រុងត្រូវតែបង្កើនសន្ទុះការងារឱ្យខ្លាំងជាងមុន ដើម្បីសម្រេចបាននូវគោលដៅធំៗរួមមាន៖ បង្កើតបរិស្ថានរស់នៅដែលស្អាត មានផាសុកភាព និងទំនើប។ ខិតខំកែលម្អសោភ័ណភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ដើម្បីជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តកាន់តែច្រើន និងបន្តបង្កើតបរិយាកាសល្អសម្រាប់វិនិយោគិន ដើម្បីបង្កើតការងារជូនពលរដ្ឋ និងជំរុញសេដ្ឋកិច្ចក្នុងមូល ដ្ឋាន។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានជម្រុញឱ្យអាជ្ញាធរក្រុងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាជូនបងប្រជាពលរដ្ឋឱ្យបាន “លឿនរហ័ស និងតម្លាភាព” បន្តរៀបចំបណ្តាញអំពូលភ្លើងសាធារណៈ និងពង្រឹងសន្តិសុខ ដើម្បីផ្តល់ភាពកក់ ក្តៅជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការរស់ នៅ ។មួយវិញទៀត យើងត្រូវធ្វើឱ្យក្រុងដូនកែវ ក្លាយជាទីក្រុងដែលស្អាត និងមានភាពទាក់ទាញបំផុត ដើម្បីលើកកម្ពស់មុខមាត់ខេត្ត និងកម្រិតជីវ ភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ។ ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់អភិបាល ក្រុងថ្មី ក្រុងដូនកែវ នឹងមានការប្រែប្រួលមុខមាត់ថ្មី កាន់តែស្រស់បំព្រង និងរីកចម្រើនលើគ្រប់វិស័យ៕




