Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧរង្គសត្វតំណាងជាតិ ចំនួន ២០ក្បាល ត្រូវបាន​លែង​ចូល​ក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិឡើងវិញ

    BY Liny Chan April 30, 2026
    ឧរង្គសត្វតំណាងជាតិ ចំនួន ២០ក្បាល ត្រូវបាន​លែង​ចូល​ក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិឡើងវិញ

    នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញអភិរក្សជលផល អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមន្រ្តីពាក់ព័ន្ធ លែងអណ្តើកហ្លួង ដែលជាប្រភេទ​សត្វជិត​ផុតពូជ ចំនួន ២០ក្បាល ចូលក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្ថិត​ក្នុង​ឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើន​ផល​​ស្តុក​ក្នុង​ធម្មជាតិឡើងវិញ។

    អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយក​ដ្ឋាន​ជលផល និងមានការចូលរួមពី ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក Alistair Mould នាយក​អង្គ​ការ​សមាគមអភិរក្ស​សត្វ​ព្រៃ (WCS) ប្រចាំ​ប្រទេស​កម្ពុជា និងសហការី តំណាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ និងតំណាង​សហ​គមន៍ សរុបអ្នកចូលរួមប្រមាណ ៥០រូប។

    ថ្លែងនាឱកាសនៃកម្មវិធី លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា កម្ម​វិធី​លែងអណ្តើកហ្លួងចូលក្នុងទីជម្រកធម្មជាតិនាពេលនេះ គឺជា​សក្ខីភាពមួយ​បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការ​ការពារ​បេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ។

    អណ្តើកហ្លួង (Batagur affinis) មិនមែនគ្រាន់តែជាប្រភេទសត្វល្មូនធម្មតានោះទេ ប៉ុន្តែគឺជា​ឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់​ដោយ​ព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥។

    អណ្ដើកហ្លួងកំពុងប្រឈម​នឹង​គ្រោះថ្នាក់បំផុត ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជ (Critically Endangered) ដែលមានវត្តមានតែនៅក្នុងប្រទេសចំនួន ៣ប៉ុណ្ណោះនៅលើសកលលោក គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

    លោកជំទាវអនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការការពារ​អណ្តើក​ហ្លួង មិនត្រឹមតែជាការរក្សានិមិត្តរូបជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចអភិរក្សកម្រិតសកលផងដែរ។

    ទន្ទឹមនឹងនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការ​អរគុណ​​យ៉ាង​ជ្រាល​ជ្រៅចំពោះ រដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី តាម​រយៈ​ឯកឧត្តមឯកអគ្គរដ្ឋទូត Steven Pang Chee Wee ផ្តល់ការ​គាំទ្រចូលរួម នាយកដ្ឋានអភិរក្សជលផល និងអង្គការ WCS សម្រាប់​ជំនាញបច្ចេកទេស ប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងកិច្ចការអភិរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ មានលោក ស្មាន ឡុង និង​លោកស្រី កៅ ហម រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស​សត្វ​អណ្តើក​ហ្លួង។

    លោកជំទាវសូមអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាស​ហ​គមន៍​ទាំងអស់ បន្តចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការ​បំផ្លាញ​​ទីជម្រក យើងត្រូវរួមគ្នាធានាបានថា «អណ្តើកហ្លួង» នឹងបន្ត​រស់​រាន​មាន​ជីវិតក្នុងប្រព័ន្ធទឹករបស់យើងសម្រាប់ទុកដល់កូនចៅ​ជំនាន់​ក្រោយ។

    សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០០ មក តាមរយៈកិច្ចសហការ​រវាង​អគ្គនាយកដ្ឋានជលផល អង្គការ WCS និងសហគមន៍នេសាទ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖ បច្ចុប្បន្នយើងមាន​អណ្តើកហ្លួងសរុបចំនួន ៧៨៥ ក្បាល ដែលកំពុងថែរក្សានៅតាម​មជ្ឈ​មណ្ឌលនានា។

    ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងទទួលបានកូន​អណ្តើក​ញាស់ចំនួន ២៨៤ ក្បាល ពីមជ្ឈមណ្ឌលអភិរក្ស។ កន្លងមក​យើង​បាន​លែង​អណ្តើកចំនួន ៤០០ ក្បាលចូលក្នុងធម្មជាតិវិញ ដោយ​ក្នុង​នោះមាន ២១៧ ក្បាលត្រូវបានបំពាក់ឧបករណ៍តាមដាន (Transmitters) ដើម្បីសិក្សាពីការរស់រានរបស់ពួកវា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: