ប្រធានក្រុមហ៊ុន CANKOR International មានគម្រោងបើករោងចក្រ កែច្នៃផលិតផលកសិកម្មកម្ពុជា ដើម្បីនាំចេញទៅប្រទេសកាណាដា
នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Daniel C. Gauthier ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន CANKOR International នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។
ក្នុងឱកាសនៃជំនួប លោក Daniel បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនរួមមាន ម្រេច គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយជាដើម។ លោកមានគម្រោងបើករោងចក្រផលិតម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា។
ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក Daniel នឹងបានជម្រាបលោក Daniel ដោយសង្ខេបអំពីស្ថានភាពនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាមកកូរ៉េ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី និងអឺរ៉ុប។
ឯកឧត្តមបានស្នើឱ្យលោក Daniel អញ្ជើញទៅប្រទេសកម្ពុជា ហើយស្ថានទូតនឹងជួយសម្របសម្រួលជំនួបរវាងលោក Daniel និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្ត ពិសេសសមាគមម្រេច និងគ្រាប់ស្វាយចន្ទី៕



ប្រភព៖ ក្រសួងព័ត៌មាន