Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសកាត់បន្ថយរយៈពេល ការផ្តល់សេវាសាធារណៈ មិនលើសពី៨ម៉ោង សម្រាប់សេវាបច្ចេកទេសទាប និងមិនលើសពី៧ថ្ងៃ សម្រាប់សេវាបច្ចេកទេសខ្ពស់

    BY Liny Chan May 18, 2026
    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសកាត់បន្ថយរយៈពេល ការផ្តល់សេវាសាធារណៈ មិនលើសពី៨ម៉ោង សម្រាប់សេវាបច្ចេកទេសទាប និងមិនលើសពី៧ថ្ងៃ សម្រាប់សេវាបច្ចេកទេសខ្ពស់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពីការកាត់បន្ថយរយៈពេល នៃការផ្តល់សេវាសាធារណៈ មិនលើសពី៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី៧ថ្ងៃ សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតបទាន់ពេល ដោយអាចប្រើរយៈពេលរង់ចាំចាប់ពី៣ ទៅ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

    កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក.ប.ទ. បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់ តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

    ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចពង្រីក វិសាលភាពបន្ថែមក្នុងការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច ក.ប.ទ. សរុបចំនួន១៥៨ ប្រភេទ ដូចខាងក្រោម៖

    ១៖ ការកំណត់រយៈពេលថ្មី

    រយៈពេលនៃការផ្តល់សេវានឹងចាប់ផ្តើមគិតចាប់ពីពេលដែលពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌរបស់សេវានីមួយៗ និងបានភ្ជាប់មកជាមួយឯកសារតម្រូវការចាំបាច់គ្រប់គ្រាន់ ដែលត្រូវកំណត់ ដូចខាងក្រោម៖

    * រយៈពេលមិនលើសពី ៨ម៉ោងនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសទាប។

    * រយៈពេលមិនលើសពី ៧ថ្ងៃនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

    ២ ព័ត៌មានបន្ថែម និងការផ្តល់មតិត្រឡប់

    * លក្ខខណ្ឌ និងឯកសារតម្រូវការសម្រាប់ការស្នើសុំសេវា ព្រមទាំងព័ត៌មានពាក់ព័ន្ធផ្សេងទៀត សូមស្វែងរកលើគេហទំព័រ www.mptc.gov.kh ឬបណ្តាញសង្គមផ្លូវការរបស់ ក.ប.ទ.។

    * ដើម្បីធានាប្រសិទ្ធភាពនិងតម្លាភាព សាធារណជនអាចសាកសួរព័ត៌មានបន្ថែម ឬផ្តល់មតិកែលម្អ តាមរយៈទូរសព្ទ Hotline 123 រៀងរាល់ម៉ោងធ្វើការ ឬផ្ញើអ៊ីមែលមកកាន់ info@mptc.gov.kh៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: