Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា ការកាត់បន្ថយភាពក្រីក្រទាមទារ បរិស្ថាននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយភាពបើកចំហ

    BY Naren May 28, 2026
    រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា ការកាត់បន្ថយភាពក្រីក្រទាមទារ បរិស្ថាននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយភាពបើកចំហ

    ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រទាមទារនូវបរិស្ថាននៃកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ ហើយក៏គ្មានប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែម្នាក់ឯងដែរ។ ទន្ទឹមនេះ ប្រទេសកំពុងអភិវឌ្ឍត្រូវការស្ថិរភាពទីផ្សារ, ការវិនិយោគ, បច្ចេកវិទ្យា, ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ និងកាលានុវត្តភាពប្រកបដោយសមធម៌ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។

    ការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានធ្វើឡើងក្នុងសុន្ទរកថាបើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

    ឆ្លៀតនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលេចថា ពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មប្រកបដោយសមធម៌និងបរិយាបន្ន ព្រមទាំងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព នៅតែជាកត្តាចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ក៏ប៉ុន្តែ កិច្ចការទាំងនេះទាមទារនូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលមានភាពរឹងមាំ។

    ឯកឧត្តម បានបន្តថា កម្ពុជាបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចអភិវឌ្ឍន៍អន្តរជាតិ ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និង «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងទៀត៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: