Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ គ្រោងនឹងបង្កើតប្រព័ន្ធ Sensor បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងការបើកបរលើសល្បឿនកំណត់

    BY Liny Chan June 8, 2026
    ក្រសួងសាធារណការ គ្រោងនឹងបង្កើតប្រព័ន្ធ Sensor បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងការបើកបរលើសល្បឿនកំណត់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា ក្រសួងគ្រោងនឹងបង្កើតប្រព័ន្ធ ស៊ិនស័រ (Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ សំដៅជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

    ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយ ដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មកុំឱ្យបើកបរលើសល្បឿនកំណត់។

    ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា៖ «យើងនឹងរៀបចំប្រព័ន្ធ Sensor មួយបំពាក់ទៅលើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជា រថយន្តដឹកទំនិញ ពេលណាដែលគាត់បើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុន នឹងអាចមានវិធានការផ្ទាល់តែម្ដងជាមួយនឹងអ្នកបើកបរកុំឱ្យគាត់បើកបរលើសល្បឿនកំណត់»។

    ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើនឹងដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងដោយ Sensor នៅពេលណា? ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ដោយកំពុងតែពិនិត្យ និងពិចារណាជ្រើសរើសយកមើលបច្ចេកវិទ្យាមួយដោយសារបច្ចុប្បន្ន មានទាំងបច្ចេកវិទ្យាប្រទេសចិន មានទាំងអាម៉េរិក មានទាំងអឺរ៉ុប។

    បើតាមការបញ្ជាក់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍មានកំណើនតិចតួច បើប្រៀបឆ្នាំកន្លងទៅ ដោយអត្រាស្លាប់មានកំណើនប្រមាណ១០ភាគរយ របួសមានកំណើនជាង១០០នាក់។ កំណើននេះ ដោយសារថ្មីៗ នេះ មានគ្រោះថ្នាក់រថយន្តដឹកកម្មករ បើ ករណីនៅក្នុងឧសភា មានរបួសរហូតដល់ជាង១០០នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដែលមានអ្នកស្លាប់រហូតដល់១៤នាក់។

    សូមបញ្ជាក់ថា ក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធ បានរួមសហការគ្នាផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ជាមួយនឹងការចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើដំណើរនៅតាមដងផ្លូវមានសុវត្ថិភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: