រដ្ឋសភា ទទួលពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅជូនគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដើម្បីធ្វើការពិនិត្យ សិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញជាប្រញាប់។
ច្បាប់ស្តីពីផ្លូវថ្នល់នេះ ត្រូវបានអនុម័តដោយរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ និងអនុម័តដោយព្រឹទ្ធសភានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ព្រមទាំងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។
ឆ្លងកាត់រយៈពេលជាង ១២ឆ្នាំ នៃការអនុវត្តច្បាប់នេះ រាជរដ្ឋាភិបាលបានពន្យល់ថា បទប្បញ្ញត្តិមួយចំនួនមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសភាពការណ៍សេដ្ឋកិច្ច-សង្គម ទាំងក្នុងប្រទេស តំបន់ និងសកលលោកនោះឡើយ ដែលទាមទាការធ្វើវិសោធនកម្មឡើងវិញ (ដែលមានចំនួន ១៥មាត្រា) គឺជារឿងចាំបាច់បំផុត ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជាតិ។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
_ កាត់បន្ថយការចំណាយលើការដឹកជញ្ជូន៖ ជួយសម្រួល និងកាត់បន្ថយថ្លៃដើមលើប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទិករបស់វិស័យឯកជន ព្រមទាំងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។
_ ធានាចីរភាពហេដ្ឋារចនាសម្ព័ន្ធ៖ បង្កើតយន្តការកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់យានយន្តដឹកទម្ងន់លើសកម្រិតកំណត់ ដែលជាឫសគល់នៃការខូចខាតផ្លូវថ្នល់។
_ ពង្រឹងការអនុវត្តច្បាប់៖ កំណត់ទោសប្បញ្ញត្តិ និងការពិន័យអន្តរកាលឱ្យបានច្បាស់លាស់ មានតម្លាភាព និងមានសមធម៌ជាងមុន។
_ ទាក់ទាញវិនិយោគិន៖ បង្កើតទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ តាមរយៈការធ្វើបច្ចុប្បន្នភាពក្របខណ្ឌគតិយុត្ត ឱ្យស្របទៅនឹងការវិវត្តនៃបច្ចេកវិទ្យាយានយន្តទំនើបៗ។
_ ធានាសុវត្ថិភាពសង្គម៖ ចូលរួមចំណែកពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទូទាំងប្រទេស។
បន្ទាប់ពីគណៈកម្មការជំនាញ (គណៈកម្មការទី៩) ពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់នេះចប់សព្វគ្រប់ របាយការណ៍ លម្អិតនឹងត្រូវដាក់ជូនសម័យប្រជុំពេញអង្គរបស់រដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័តនាពេលឆាប់ៗខាងមុខនេះ៕
