សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលគ្មានគម្រោងនៅក្នុងការកាត់បន្ថយចំណាយ ឬគម្រោងថវិកាទៅឱ្យវិស័យអប់រំ និងសុខាភិបាលនោះទេ គឺមានតែគ្រោងបង្កើន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលគ្មានគម្រោងនៅក្នុងការកាត់បន្ថយចំណាយ ឬគម្រោងថវិកាទៅឱ្យវិស័យអប់រំ និងសុខាភិបាលនោះទេ គឺមានតែគ្រោងបង្កើន ទោះបីជាយើងត្រូវពង្រឹងវិស័យការពារជាតិក៏ដោយ។ ដូច្នេះ សូមកុំឱ្យមានការយល់ច្រឡំ។
ថ្លែងក្នុងទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មានការយល់ច្រឡំថារាជរដ្ឋាភិបាលគ្រោងកាត់ ឆ្នាំ២០២៧ ចំនួន ១៧០លានដុល្លារអាម៉េរិកពីថវិកាអប់រំ និងសុខាភិបាល តែអត់ទេ គឺមានតែបង្កើនទៅទៀត ព្រោះធនធានមនុស្សគឺជាអ្វីដែលជួយយើងឱ្យមានភាពធន់។
សម្តេចបានបន្ថែមថា ធនធានមនុស្សរឹងមាំ សេដ្ឋកិច្ចរឹងមាំ សេដ្ឋកិច្ចរឹងមាំ ការពារជាតិរឹងមាំយូរអង្វែង នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មិនមែនអត់មានធនធានមនុស្ស ដែលចេះគិតគូរអំពីអ្វីដែលជាវិស័យអាទិភាព អ្វីដែលជាវិស័យមិនអាទិភាពនោះទេ។ អ៊ីចឹងសូមកុំឱ្យមានការយល់ច្រឡំ ព្រោះអប់រំ សុខាភិបាល និងធនធានមនុស្សគឺជារឿងអាទិភាពទីមួយរបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមក និងនៅតែជាអាទិភាពទីមួយសម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕


ប្រភព៖ ក្រសួងព័ត៌មាន