រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះពីស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យឃ្លាំងសរុប ១៨ទីតាំង ដែលសង្ស័យពាក់ព័ន្ធការនាំចូល ស្តុកទុក និងចែកចាយទំនិញពីប្រទេសថៃដោយខុសច្បាប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១៨កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។
ក្នុងប្រតិបតិការទាំង ១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ២ មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ រួមមាន:
១. ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន អេសខេអេសខេ ឯ.ក ដែលបានស្តុកទំនិញទាំងនោះមានចំនួន៦១មុខ ជាប្រភេទកាហ្វេ ទឹកសេរ៉ូ ម៉្សៅទឹកដោះគោ។
២. ទីតាំងឃ្លាំងស្ថិតនៅផ្ទះលេខ១០២ ផ្លូវ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលបានស្តុកផលិតផលប្រភេទសាច់បង្កក។
ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងទាំង២ ខាងលើនេះ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងក្នុងខណ្ឌដង្កោចំនួន ២នាក់ និងឃ្លាំងក្នុងខណ្ឌមានជ័យចំនួន ១នាក់ ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ដែរថា គិតចាប់ពីថ្ងៃទី១០ មកដល់ថ្ងៃទី១៣ ខែមិថុនានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធបានសហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសង្ស័យបាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កក និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ បានសរុបចំនួន ១០៧ទីតាំង ក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះអាសន្នទីតាំងចំនួន ១២ទីតាំងហេីយ៕













ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ