កូរ៉េឈានដល់ការជួយបង្កើនសមត្ថភាពសហគ្រាសកម្ពុជាពីបច្ចេកវិទ្យាកែច្នៃអាហារកម្រិតខ្ពស់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញកែច្នៃអាហារកូរ៉េបានជួយបង្កើនសមត្ថភាពផលិតរបស់សហគ្រាសកម្ពុជាតាមរយះការណែនាំបង្ហាញ ពីវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ បណ្តុំឧស្សាហកម្មអាហារ ក្រុមហ៊ុនអាហារ និងជីវបច្ចេកវិទ្យា ក្រុមហ៊ុនកែច្នៃអាហារព្រមទាំងបង្ហាញទីតាំងផលិតផលអាហារកែច្នៃនៅផ្សារទំនើប Starfield Hanamស្ថិតនៅក្នុងសាធារណរដ្ឋកូរ៉េ។ ការបង្កើនសមត្ថភាពផលិតរបស់សហគ្រាសកម្ពុជានេះ បានធ្វើឡើងតាមរយះដំណើរទស្សនកិច្ចសិក្សារបស់សហគ្រិនខ្មែរ និងសហគ្រាសចំនួន៧ដែលដឹកនាំដោយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលគ្រោងបញ្ចប់នៅថ្ងៃទី២០មិថុនានេះ បន្ទប់ពីបានដំណើរពីថ្ងៃទី១៦ មិថុនាមកដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជឿនលឿនអំពីខ្សែច្រវាក់ផលិតកម្មខ្នាតធំ និងនវានុវត្តន៍បច្ចេកវិទ្យាកម្រិតខ្ពស់ទាំងនេះនឹងក្លាយជាទុន និងជាជំនួយស្មារតីដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍ និងជំរុញសហគ្រាសកែច្នៃអាហារនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយស្តង់ដារ និងនិរន្តរភាព។
សូមបញ្ជក់ថា អ្នកជំនាញកែច្នៃអាហាររបស់សាធារណរដ្ឋកូរ៉េបានមកបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េនៅកម្ពុជាកាលពីខែសីហាឆ្នាំ២០២៥ ដោយបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក ដែលមានគោលដៅលើកកម្ពស់ខ្សែច្រវាក់តម្លៃ ពង្រឹងភាពអនុលោមតាមស្តង់ដា និងជួយឱ្យសហគ្រាសកម្ពុជាអភិវឌ្ឍផលិតផលអាហារដែលមានគុណភាពសម្រាប់ទីផ្សារ និងការនាំចេញ។
សូមរម្លឹកថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបណ្តុះបណ្តាលដល់គម្រោងអភិវឌ្ឍន៍អាហារកម្ពុជាអំពីវិធីសាស្រ្តក្នុងការកំណត់អាយុកាលនៃផលិតផលអាហារ ក្នុងគោលបំណងដើម្បី ធានាសុវត្ថិភាពអ្នកប្រើប្រាស់ ទប់ស្កាត់ការកកើតបាក់តេរី និង រក្សាគុណភាពអាហារ ស្របតាមច្បាប់ស្តីពីសុវត្តិភាពម្ហូបអាហារ ក្នុងការការពារសុខុមាលភាពសាធារណៈ៕

ប្រភព៖ ក្រសួងព័ត៌មាន