រដ្ឋាភិបាលបើកច្រកផ្លូវគោកថ្មីដែលជាឱកាសសម្រាប់ទីផ្សារកសិផលដ៏ធំ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោយពេលពិភាក្សាអស់រយៈពេល៦ខែ នៅទីបំផុតកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវបានចេញជារូបរាង។ កិច្ចខិតខំរវាងក្រសួងកសិកម្មកម្ពុជានិងឡាវកាលពីខែមករាឆ្នាំ២០២៦ បានចេញជាលទ្ធផល ដែលកាលពីថ្ងៃទី២២មិថុនាឆ្នាំ២០២៦ ម្សិលមិញនេះផ្លែទុរេន៤កុងតឺន័រ ត្រូវបានដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ដែលជាការបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា សម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
ការបើកច្រកដឹកជញ្ជូនកសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននេះគឺជាកាលានុវត្តភាពថ្មីស្រឡាង សម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារប្រទេសចិនដ៏ធំ ដោយកម្ពុជាមានជំរើសផ្លូវដឹកជញ្ជូនបន្ថែម ដែលជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិផលខ្មែរលើទីផ្សារអន្តរជាតិយ៉ាងខ្លាំងក្លា។
យោងតាមក្រសួងកសិកម្មបានឲ្យដឹងថាច្រកដឹកជញ្ជូនតាមប្រទេសឡាវនេះ បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនពី ១៥ ទៅ ២០ ថ្ងៃ មកសល់ត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ។ ការប្រើរយៈពេលដឹកជញ្ជូនខ្លីនេះ មិនត្រឹមតែបានជួយកាត់បន្ថយថ្លៃចំណាយប៉ុណ្ណោះទេតែថែមទាំងបានជួយរក្សាភាពស្រស់របស់កសិផល មិនឱ្យខូចគុណភាព។ យោងតាមសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់បានលើកឡើងថា ការដឹកជញ្ជូនពីកម្ពុជាទៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន តាមផ្លូវគោកឆ្លងកាត់ព្រំដែនក្នុងមហាអនុតំបន់មេគង្គមានចម្ងាយ ២ ៥០០គីឡូម៉ែត្រ។
ការបើកផ្លូវដឹកជញ្ជូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយឱ្យផ្លែទុរេនកម្ពុជា ចូលទីផ្សារចិនបានលឿនជាងមុន កាត់បន្ថយថ្លៃដឹកជញ្ជូន និងជួយពង្រីកទីផ្សារកាន់តែធំ ស្របពេលប្រជាជនចិនកំពុងនិយមបរិភោគផ្លែទុរេនកាន់តែច្រើន និងភាគីចិនក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលកសិកម្ម៕

ប្រភព៖ ក្រសួងព័ត៌មាន