សម្ដេតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ — គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព នាវេលាម៉ោង១៣ រសៀលថ្ងៃទី២៥ ខែ មិថុនាឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។ នេះបើយោងតាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា។
អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំង រួមមាន ឯកឧត្តម Liu Haixing រដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន ឯកឧត្តម Chen Zhou អនុរដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន និងលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
បើតាមកម្មវិធីដែលបានគ្រោងទុក ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួប ពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន និង ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ ទន្ទឹមនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និង លើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត៕


ប្រភព៖ ក្រសួងព័ត៌មាន