ទីក្រុងកំពតត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តកំពត ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជាបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN) ដោយមានការចូលរួមពីឯកឧត្តម ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យឯកជន និងអ្នកជំនាញការ សរុបប្រមាណជាង២០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិក្ខាសាលាខាងលើនេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ ព្រមទាំងបានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយមានភាពល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូផ្នែកម្ហូបអាហារ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញដល់រាជធានី និងខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីកកកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្ តីបានសម្តែងជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទីក្រុងកំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
គូសបញ្ជាក់ថាទីក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) កាលពីឆ្នាំ២០២៣ ដែលបានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក៕


ប្រភព៖ ក្រសួងព័ត៌មាន