Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ៣ ទសវត្សរ៍របស់អង្គការ ដើម្បីភាពញញឹមនៃកុមារកម្ពុជា បានផ្លាស់ប្តូរវាសនារបស់កុមារ និងយុវជនកម្ពុជា រាប់ម៉ឺននាក់ឱ្យ ចាកចេញពីទុក្ខវេទនា

    BY Liny Chan July 2, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ៣ ទសវត្សរ៍របស់អង្គការ ដើម្បីភាពញញឹមនៃកុមារកម្ពុជា បានផ្លាស់ប្តូរវាសនារបស់កុមារ និងយុវជនកម្ពុជា រាប់ម៉ឺននាក់ឱ្យ ចាកចេញពីទុក្ខវេទនា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងបញ្ជាក់ថា ពិធីអបអរសាទរខួបទី ៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជា ឬហៅកាត់ថា PSE នាពេលនេះមិនត្រឹមតែជាការរម្លឹកដល់ដំណើរដ៏វែងឆ្ងាយរយៈពេល ៣ ទសវត្សរ៍របស់អង្គការ PSE ប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃការផ្លាស់ប្តូរវាសនារបស់កុមារ និងយុវជនកម្ពុជា រាប់ម៉ឺននាក់ ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅកាន់អនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជា និងពិធីប្រគល់ សញ្ញាបត្រជូនដល់សិស្ស-និស្សិត របស់វិទ្យាស្ថាន ប៉េ អេស អឺ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធ លោក Christian des Pallières និងសូមកោតសរសើរចំពោះលោកស្រី Marie-France des Pallières ដែលបានចាប់ផ្តើមបេសកកម្មមនុស្សធម៌នេះពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជា ហើយបានកសាងអង្គការមួយដែលបានផ្លាស់ប្តូរជីវិតមនុស្សរាប់ម៉ឺននាក់ នៅក្នុង ៣ ទសវត្សរ៍កន្លងទៅនេះ។

    សម្តេចធិបតីបានកោតសរសើរចំពោះទស្សនវិស័យរបស់ PSE ដែលមិនត្រឹមតែផ្តល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើការបង្កើតសមត្ថភាព ឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ។

    សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើសុំឱ្យបណ្តាក្រសួងពាក់ព័ន្ធទាំងអស់ សូមបន្តជួយទៅដល់បេសកកម្មអង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជា ឬហៅកាត់ថា PSE ហើយក៏យកឱកាសនេះដែរអរគុណទៅដល់អង្គការដៃគូ សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ជាពិសេសដៃគូដែលបានជួយជាថវិកាទ្រទ្រង់ជាច្រើនឆ្នាំមកនេះ ដើម្បីផ្តល់ផលប្រយោជន៍ជូនដល់ក្មួយៗ កូនចៅប្រជាពលរដ្ឋរបស់យើង ជាពិសេសអ្នកដែលពុំមានលទ្ធភាព។

    សូមជម្រាបជូនថា អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ជាភាសាបារាំងថា ប៉េ អេស អឺ (PSE) បានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៦ ដែលចាប់តាំងពីពេលនោះមក អង្គការបានជួយកុមារ និងយុវជនដែលមកពីគ្រួសារទីទ័លក្រ និងមិនបានទទួលការអប់រំដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ តាមរយៈកម្មវិធីប្រតិបត្តិចំនួន៦ធំៗគឺ៖ ទី១.កម្មវិធីអាហារ ទី២.កម្មវិធីសុខភាព ទី៣.កម្មវិធីការពារ និងការស្នាក់នៅ ទី៤.កម្មវិធីអប់រំចំណេះទូទៅ ទី៥.កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សា និងទី៦.កម្មវិធីផ្តល់ជំនួយដល់គ្រួសារ។ សម្រាប់កម្មវីធីទាំងអស់នេះសុទ្ធតែបានរួមចំណែកជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយក្នុងរយៈពេលជាង៣០ឆ្នាំ កន្លងមកនេះមានកុមារ និងយុវជនក្រីក្រ និងងាយរងគ្រោះជាង ១៥ ០០០ នាក់ បាន និងកំពុងទទួលបានការអប់រំចំណេះទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការគាំទ្រផ្សេងៗទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: