Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

    BY Liny Chan July 6, 2026
    ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

    ប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះការវិវត្តជាវិជ្ជមាននៃការគ្រប់គ្រងបរិស្ថាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ។

    ការលើកឡើង របស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារនិងជម្រាបលា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម UENO Atsushi បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដោយក្នុងនោះ វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយ។

    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងសកម្ម និងទូលំទូលាយដល់វិស័យបរិស្ថាននៅកម្ពុជា ទាំងផ្នែកថវិកា សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតកាបូន។

    ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងបន្ថែមថា ជប៉ុនបានគាំទ្រដល់ភាពស្អាតរបស់កម្ពុជា តាមរយៈការ ផ្តល់ធុងសំរាមញែក និងរថយន្តប្រមូលសំរាម ជួយឱ្យកម្ពុជាដោះស្រាយបញ្ហាសំណល់រឹងនៅតាមសហគមន៍ផ្ទាល់ និង បានជួយជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលធ្វើឱ្យពលរដ្ឋកម្ពុជាផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ឆ្ពោះទៅរកភាពស្អាត និងសុខភាពល្អ។

    ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តពង្រឹងនិងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុនក្នុងនោះលើ ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាបៃតងទំនើបៗមកកម្ពុជា និងបន្តការគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលធានាថា កម្ពុជានឹងមានភាពធន់ និងចីរភាពនាពេលអនាគត។

    សូមបញ្ជាក់ថា ប្រទេសជប៉ុនបានគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់កម្ពុជា ដែលផ្តោតលើសសរសត្តម្ភបីគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសជប៉ុនបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គកការសហប្រជាជាតិ UNDP ផ្តល់ធុងញែកសំរាម ទុកដាក់សំណល់ប្លាស្ទិក ចំនួន ៣ ០០០ ធុង ជូនដល់ក្រសួងបរិស្ថាន ដើម្បីដាក់ពង្រាយតាមបណ្តារាជធានី-ខេត្តគោលដៅ ដូចជា ភ្នំពេញ សៀមរាប និងតំបន់មាត់សមុទ្រ។ ជាមួយគ្នានេះ គម្រោងជំនួយ Kusanone របស់ប្រទេសជប៉ុនបានផ្តល់រថយន្តប្រមូលសំរាម និងឧបករណ៍សម្ភារៈនានា ដើម្បីជួយសម្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្អាតអនាម័យបរិស្ថា និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន៕

    Share This Post: