Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ មានព្រះរាជបន្ទូលដោយកោតសរសើរចំពោះប្រជាជាតិកម្ពុជានិងប្រមុខរាជរដ្ឋាភិបាលក្នុងការការពារនិងថែរក្សាប្រាសាទ ព្រះវិហារ

    BY Liny Chan July 6, 2026
    ព្រះមហាក្សត្រ មានព្រះរាជបន្ទូលដោយកោតសរសើរចំពោះប្រជាជាតិកម្ពុជានិងប្រមុខរាជរដ្ឋាភិបាលក្នុងការការពារនិងថែរក្សាប្រាសាទ ព្រះវិហារ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូលកោតសរសើរនិងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់និងប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារនិងថែរក្សាប្រាសាទព្រះវិហារព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិនិងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាជានិរន្តរ៍ក្រោយពីជម្លោះតាមព្រំដែន។

    នេះបើយោងតាមព្រះរាជសារជូនជនរួមជាតិ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦)។

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា «ក្រោយពីទទួលរងនូវការ រំលោភបំពាននិងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេសនិងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរនិងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលក្នុងការការពារនិងថែរក្សាប្រាសាទ ព្រះវិហារព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិនិងផ្អែកលើច្បាប់អន្តរជាតិដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាជានិរន្តរ៍ក្រោយពីជម្លោះតាមព្រំដែន»។

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏មានព្រះរាជបន្ទូលថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ICC/PREAH VIHEAR និងការថែទាំបន្តដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋ ឥណ្ឌានិងសាធារណរដ្ឋប្រជាមានិតចិនព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: