កម្អុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅទីក្រុងហ្សឺណែវ នាប្រទេសស្វ៊ីស នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយឯកឧត្តម Daren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍។
លោកជំទាវរដ្ឋមន្ត្រី បានសម្តែងអំណរគុណចំពោះ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងជំនួយបច្ចេកទេសក្នុងការគាំទ្រការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានតាមរយៈការគាំទ្ររបស់ WIPO ក្នុងការពង្រឹងការងាររដ្ឋបាលរបស់កម្មសិទ្ធិបញ្ញា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព ការគាំទ្រសហគ្រាសធុនតូច និងមធ្យមតាមរយៈគំនិតផ្តួចផ្តើមកម្មសិទ្ធិបញ្ញា។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពី គម្រោងបច្ចេកវិទ្យាសមស្រប និងគម្រោងកម្មសិទ្ធិបញ្ញាសម្រាប់កសាងកេរ្តិឈ្មោះម៉ាកដើម្បីទាក់ទាញទេសចរណ៍ដែលបានអនុវត្តនៅកម្ពុជាប្រកបដោយជោគជ័យ ព្រមទាំងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធានាឱ្យកម្មសិទ្ធិបញ្ញាបន្តដើរតួនាទីជាកម្លាំងជំរុញនវានុវត្តន៍ សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (IPBC) សំដៅគាំទ្រដល់វិស័យឯកជន ក្នុងការយល់ដឹងពីសារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា។ សូមជម្រាបជូនផងដែរថា កម្ពុជាជាកម្ពុជាគឺជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដំបូងគេ ដែលចុះអនុស្សរណៈនៃការយោគយល់ខាងលើនេះ៕






ប្រភព៖ ក្រសួងព័ត៌មាន