ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត (Koninklijke Vopak N.V.) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃកិច្ចជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថាក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។
ជាមួយគ្នានេះ, ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុកឧស្ម័ន, ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម, ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះបំណងវិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។
ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕




ប្រភព៖ ក្រសួងព័ត៌មាន