ព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរបាយការណ៍បឋម មានបេក្ខជនអវត្តមានជាង១ពាន់នាក់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលមណ្ឌលប្រឡងឡើយ។ ក្នុងដំណើរការសំណេរថ្ងៃទី២នេះ មានខេត្តចំនួន៣ខេត្ត ដែលមានភ្លៀងធ្លាក់តែមិនប៉ះពាល់ដល់ដំណើរការសំណេរឡើយ។
ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន២មុខវិជ្ជាគឺ៖ អក្សរសាស្ត្រ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។
របាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី២នេះ បេក្ខជន ជនអវត្តមានចំនួន១ ៣៤០នាក់ (ស្រី៥០២នាក់) ស្មើនឹង០,៨៨ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១៣៥នាក់ (ស្រី៤០៧នាក់) បេក្ខជនចំណេះទូទៅចំនួន២០៥នាក់ (ស្រី៩៥នាក់)។
បេក្ខជនដែលមានបញ្ហាសុខភាព១៨៨នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន៥នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន១២នាក់ និងគ្រោះថ្នាក់ចរាចរណ៍៣នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព១៥នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
នៅក្នុងដំណើរការសំណេរថ្ងៃទី២នេះមិនមានការដកហូតគ្រឿងអេឡិចត្រូនិកហាមឃាត់ឡើយ។ ក្រសួងអប់រំ យុវជន និងកីឡា សូមរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕ ផ្សាយ៖ កន ចំណាន ប្រភព៖ ក្រសួងអប់រំ







ប្រភព៖ ក្រសួងព័ត៌មាន