ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនឡើង ជំរុញឱ្យទូសាកយានយន្តកើនដល់ជាង ៤០០ទូ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមជិតពាក់កណ្ដាលខែសីហាឆ្នាំ២០២៦នេះទូទាំងប្រទេសមានទូសាកថាមពលយានយន្តអគ្គិសនីជាង ៤០០ ទូ ខណៈចំនួនអ្នកប្រើប្រាស់យានយន្តអគ្គិសនីកំពុងកើនឡើងជាបន្តបន្ទាប់។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជាកាលពីពេលថ្មីៗនេះ។
ប្រភពដដែលបានអធិប្បាយថា អគ្គិសនីកម្ពុជាបានគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងផ្គត់ផ្គង់អគ្គិសនីដល់ស្ថានីយសាកយានយន្តអគ្គិសនីជាបន្តបន្ទាប់ ចាប់តាំងពីមានស្ថានីយតិចតួចរហូតដល់បច្ចុប្បន្នមានទូសាកជាង ៤០០ ទូ។ ការផ្គត់ផ្គង់អគ្គិសនីដល់ស្ថានីយសាកទាំងនេះ មិនបានបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋទូទៅនៅក្បែរស្ថានីយ ឬអ្នកប្រើប្រាស់ខ្សែបណ្ដាញអគ្គិសនីជាមួយគ្នានោះទេ។
អគ្គិសនីកម្ពុជាបានបញ្ជាក់ទៀតថា អង្គភាពទទួលសំណូមពរពីសាលារាជធានី-ខេត្ត និងក្រុង-ស្រុក ដើម្បីជួយវិនិយោគដោយប្រើប្រាស់ថវិកាអគ្គិសនីកម្ពុជា លើទីតាំងសាធារណៈដែលជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងមិនមែនជាទីតាំងអាជីវកម្មរកប្រាក់ចំណេញ ដូចជា សួនច្បារ កន្លែងហាត់ប្រាណ និងរបងស្ថាប័នរដ្ឋ ដែលប្រជាពលរដ្ឋអាចប្រើប្រាស់បាន។
ចំពោះទីតាំងអាជីវកម្មរបស់បុគ្គល ឬក្រុមហ៊ុនឯកជន ប្រសិនបើមានការប្រើប្រាស់អគ្គិសនីច្រើន និងមានលក្ខណៈអចិន្ត្រៃយ៍ អគ្គិសនីកម្ពុជាអាចជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ អគ្គិសនីកម្ពុជាបានឱ្យដឹងថា កន្លងមកបានវិនិយោគរាប់ម៉ឺន និងរាប់សែនដុល្លារលើខ្សែបណ្ដាញ និងត្រង់ស្វូរ សម្រាប់ទីតាំងនីមួយៗរួចមកហើយ។
ទោះជាយ៉ាងណា អគ្គិសនីកម្ពុជារក្សាសិទ្ធិមិនអន្តរាគមន៍លើទីតាំងតូចៗដែលមិនមានសក្ដានុពល ឬទីតាំងដែលអ្នកស្នើសុំអាចប្រើប្រាស់ក្នុងរយៈពេលខ្លីនោះទេ។
ទាក់ទងនឹងនឹងចំនួនយានយន្តអគ្គិសនីឯកឧត្តម ឧត្តមផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅក្រសួងមានចំនួនសរុប ៧,៦៣២ គ្រឿង ក្នុងនោះរថយន្តអគ្គិសនីមានចំនួន ៦,១៧៤ គ្រឿង ម៉ូតូអគ្គិសនីមានចំនួន ១,២៩៦ គ្រឿង និងត្រីចក្រយានយន្តមានចំនួន ១៦២ គ្រឿង។
ដោយឡែក គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៦ យានយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបមានចំនួន ២០,៦០០ គ្រឿង ក្នុងនោះរថយន្តមានចំនួន ១៥,២៣៩ គ្រឿង កង់បីអគ្គិសនីមានចំនួន ៨៦២ គ្រឿង និងម៉ូតូអគ្គិសនីមានចំនួន ៤,៤៩៩ គ្រឿង។
តួលេខទាំងនេះបង្ហាញពីការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថាមពលកំពុងបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ដែលកើនឡើងជាបន្តបន្ទាប់៕


ប្រភព៖ ក្រសួងព័ត៌មាន